(ភ្នំពេញ)៖ ប្រជាពលរដ្ឋជិត១,០០០នាក់ ដែលរស់នៅក្នុងភូមិចំនួន១៤ ក្នុងខណ្ឌសែនសុខ នៅថ្ងៃទី២១ ខែកុម្ភៈនេះ បានបន្ដមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺ ពីក្រុមការងារថា្នក់ជាតិនៃរាជរដ្ឋាភិបាល ដែលដឹកនាំដោយ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែង «នៅថ្ងៃនេះ ក្រុមគ្រូពេទ្យយើង បានចុះមកពិនិត្យ និងព្យាបាលជំងឺដល់បងប្អូនប្រជាពលរដ្ឋយើង ដែររស់នៅក្នុងខណ្ឌសែនសុខ ដោយឥតគិតថ្លៃ ព្រមទាំងមកដល់ផ្ទះ ឬនៅក្បែរផ្ទះរបស់បងប្អូនតែម្ដង ដើម្បីផ្ដល់នូវភាពងាយស្រួល ដល់ប្រជាជនកាន់តែច្រើន ក្នុងការការពារសុខភាព ឲ្យបានកាន់តែប្រសើរ  ដូច្នេះសូមមកទទួលយកនូវសេវាកម្មនេះ ឲ្យបានគ្រប់ៗគ្នា ពិសេសយើងនឹងខិតខំប្រឹងប្រែងបន្ដទៀត ដើម្បីបម្រើសេវាកម្ម ជូនដល់ប្រជាពលរដ្ឋ យើងឲ្យបានកាន់តែល្អថែមទៀត ពេលដែលយើងមកពិនិត្យព្យាបាលនៅក្រោយទៀត»

ទន្ទឹមនឹងនោះ រដ្ឋមន្ដ្រីក៏បានថ្លែងអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានកូនៗរបស់ខ្លួនញៀនគ្រឿងញៀន សូមកុំទុកកូនចោលឲ្យសោះ ត្រូវយកកូនមកពិនិត្យព្យាបាលជំងឺនេះ នៅតាមបណ្ដាមន្ទីរពេទ្យរដ្ឋ​ឯកជន មណ្ឌលសុខភាព និងតាមមណ្ឌលបន្សាបគ្រឿងញៀន ដែលមានទីតាំងនៅជិតផ្ទះរបស់ពួកគាត់ឲ្យបានគ្រប់ៗគ្នា ព្រោះគ្រូពេទ្យរបស់យើង នឹងចាំព្យាបាល និងផ្ដល់ប្រឹក្សាដល់ពួកគាត់គ្រប់ពេលវេលា។

ព្រមជាមួយគ្នានោះ សាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃ សកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល បានថ្លែង ឲ្យដឹងផងដែរថា «ក្រុមការងារថ្នាក់ជាតិនៃរាជរដ្ឋាភិបាល បានដឹកនាំក្រុមគ្រូពេទ្យនៃសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាលយើង ចុះមកពិនិត្យ និងព្យាបាលជំងឺ ជាច្រើនមុខដល់ប្រជាពលរដ្ឋយើង ដោយរួមមានជំងឺសួត ភ្នែក ពិនិត្យផ្ទៃពោះ(អេកូ) ជំងឺព្យាបាលដោយចលនា និងជំងឺទូទៅ  ពិសេសនោះនៅថ្ងៃយើងម៉ាស៊ីនពិនិត្យសួត មកដល់ផ្ទះប្រជាពលរដ្ឋតែម្ដង ហើយម៉ាស៊ីននោះពិសេសណាស់ ដោយគ្រាន់តែថតភ្លាម វាភ្ជាប់ទៅនឹងកុំព្យូទ័រភ្លាម ដើម្បីដឹងលទ្ធផលនៅការពិនិត្យនោះភ្លាម ដោយមិនបាច់លាងហ្វិល ហើយយកទៅពិនិត្យតាមក្រោយទៀតនោះទេ» ។

អ្នកស្រី លៀង ដែលមកពិនិត្យព្យាបាល ក្នុងចំណោមប្រជាពលរដ្ឋជិត១,០០០នាក់ បានឲ្យដឹងថា «ពួកយើងទាំងអស់គ្នា សប្បាយចិត្ដណាស់  ពេលដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ តែងតែយកចិត្ដទុក្ខដាក់ លើពួកខ្ញុំទំាងអស់គ្នា ឲ្យតែដល់ថ្ងៃកំណត់ដែលលោកគ្រូអ្នកគ្រូ ពេទ្យចុះមកពិនិត្យ គឺគាត់ទាំងអស់គ្នា មិនដែលខកខានទេ ពិសេសពេលនេះ ជំងឺរបស់ខ្ញុំ បានធូរស្រាលច្រើនណាស់ ខ្ញុំសូមអរគុណដល់រាជរដ្ឋាភិបាលកម្ពុជាយើង សម្ដេចតេជោហ៊ុន សែន ដែលបានចាត់ឲ្យរដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានដឹកនាំក្រុមគ្រូពេទ្យ មកពិនិត្យព្យាបាល ដោយឥតគិតថ្លៃនេះ ហើយយើងសង្ឃឹមថានឹងបន្ដព្យាបាលដល់ ពួកយើងជារៀងរហូតផងដែរ»