(ស្ទឹងត្រែង)៖ ការប្រឈមដាក់គ្នារវាងកម្លាំងយោធា កម្ពុជា-ឡាវ នៅតាមខ្សែបន្ទាត់ព្រំដែន រវាងខេត្តស្ទឹងត្រែង និងខេត្តអត្តពី ត្រង់ចំណុចអូរតាង៉ាវ រហូតមកដល់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ពុំទាន់ត្រូវបានដោះស្រាយនៅឡើយទេ ដោយផ្ដើមចេញពីកម្លាំងយោធាខេត្តអត្តពី បានចុះមករារាំងកម្លាំងយោធាកងវិស្វកម្មរបស់កម្ពុជា ពេលកំពុងធ្វើផ្លូវយុទ្ធសាស្រ្តក្រវាត់ព្រំដែន តាំងពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ មកនោះ។
ការប៉ះទង្គិចគ្នាដោយពាក្យសម្ដី និងពេលខ្លះត្រូវបានបន្ថែមកម្លាំងយោធារៀងៗខ្លួន ទៅកាន់តំបន់ព្រំដែនខាងលើនេះ មិនត្រូវបានមានការបញ្ជាក់ជាផ្លូវការរបស់អាជ្ញាធរ និងថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ ខេត្តស្ទឹងត្រែង រួមមាន៖ អភិបាលខេត្ត ស្នងការខេត្ត មេបញ្ជាការអាវុធហត្ថខេត្ត និងមេយោធាខេត្តនោះទេ។
អង្គភាពព័ត៌មាន Fresh News បានទទួលរបាយការណ៍របស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី ស្វាយ ញ៉ន បានបញ្ជាក់ប្រាប់ទៅសមភាគីខេត្តអត្តពី យ៉ាងច្បាស់ៗថា «សកម្មភាពធ្វើផ្លូវយុទ្ធសាស្ត្រក្រវាត់ព្រំដែន គឺនៅក្នុងទឹកដីរបស់កម្ពុជាប៉ុណ្ណោះ ហេតុដូច្នេះមិនអាចឲ្យដកកម្លាំងយោធា និងគ្រឿងចក្រចេញពីទឹកដីខ្លួនបានទេ»។
យោងតាមលិខិតរបស់ លោកឧត្តមសេនីយ៍ត្រី ស្វាយ ញ៉ន ដែលផ្ញើជូនសមភាគីខេត្តអត្តពី ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានសុំឲ្យដកយោធា និងអាវុធ ចូលបន្ទាយវរសេនាតូចលេខ២១វិញ កុំលួចឆ្មក់ស៊ើបការណ៍ក្នុងបន្ទាយ ឬក្នុងទឹកដីកម្ពុជា រីឯក្នុងទឹកដីរបស់ឡាវ ជាសិទ្ធិចង់ធ្វើអ្វីក៏បានដែរ តំបន់អូរតាង៉ាវ គឺដែនដីប្រទេសកម្ពុជា ដោយពិតប្រាកដនៅលើផែនទី ដែលបន្សល់ទុកពីអាណានិគមនិយមបារាំង។
សូមបញ្ជាក់ថា កម្លាំងទាហានខេត្តអាត្តពី របស់ឡាវ ជាច្រើននាក់បានកាន់អាវុធគ្រប់ដៃ ចូលមករារាំងការស្ថាបនាផ្លូវយុទ្ធសាស្រ្តតាមក្រវាត់ព្រំដែនរបស់កម្ពុជា នៅចំណុចអូរតាង៉ាវ ក្នុងភូមិសាស្រ្តឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង តាំងពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ មកម្ល៉េះ។
ដោយឡែកនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ស្អែកនេះ លោក ប៊ុនញ៉ាំង វរជិត (Bounnhang Vorachith) ប្រធានរដ្ឋនៃសាធារណរដ្ឋ ប្រជាមានិតឡាវ នឹងដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ច នៅកម្ពុជារយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២២ និងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។ នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ លោកប្រធានាធិបតីឡាវ នឹងចូលគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហនុ ព្រះមហាក្សត្រនៃកម្ពុជា នឹងជួបពិភាក្សាការងារជាមួយសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕