(ភ្នំពេញ)៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានជំរុញឱ្យនិស្សិតច្បាប់ទាំងអស់ ខិតខំស្វែងយល់ឱ្យបានច្រើន អំពីការអនុវត្តការងារនៅក្នុងសវនាការជាក់ស្តែង ដោយកុំពឹងទាំងស្រុងតែលើទ្រឹស្តី។ លោកបានថ្លែងថា មាននិស្សិត យុវជនរៀនច្បាប់មួយចំនួន គាត់រៀនតែច្បាប់ ក៏ប៉ុន្តែគាត់មិនដឹងថា សវនាការច្បាប់របៀបយ៉ាងម៉េច និងត្រូវអង្គុយ នៅកន្លែងណា ក៏គាត់មិនដឹងផង។

ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌បែបនេះ បានធ្វើឡើងនៅក្រោយពិធីចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី «កម្មវិធីយុវជន ក្នុងបុព្វហេតុកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌» រវាងលេខាធិការដ្ឋានអចិន្រ្តៃយ៍ នៃគណៈកម្មាធិការដឹកនាំ ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌, មហាវិទ្យាល័យច្បាប់ និងកិច្ចការសាធារណៈ នៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា និងសមាគមស្រាវជ្រាវ និងផ្សព្វផ្សាយច្បាប់ខ្មែរ  ដែលធ្វើឡើងនៅទីស្តីការក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

លោក ជិន ម៉ាលីន បានថ្លែងយ៉ាងដូច្នោះថា «និស្សិតច្បាប់ខ្លះ គាត់រៀនច្បាប់ក៏ប៉ុន្តែ គាត់អត់ដឹងថា សវនាការច្បាប់មាន របៀបម៉េច គាត់មិនដែលបានមកមើលសវនាការ គេធ្វើចៅក្រមគេនិយាយម៉េច ពេលនិយាយគេធ្វើកាយវិការយ៉ាងម៉េច ព្រះរាជអាជ្ញាគេធ្វើម៉េច មេធាវីគេធ្វើម៉េច ចុងចម្លើយគេធ្វើម៉េច អង្គុយនៅណាក៏គាត់អត់ដឹងដែរ»

យ៉ាងណាក៏ដោយ លោក ជិន ម៉ាលីន រំពឹងថា បន្ទាប់ពីមានអនុស្សារណៈថ្មីនេះ និស្សិតច្បាប់របស់កម្ពុជា នឹងទទួលបាន ឱកាសកាន់តែច្រើន ក្នុងការទៅស្វែងយល់អំពីការអនុវត្តសវនាការ ក៏ដូចជាការងាររបស់អ្នកច្បាប់ជាក់ស្តែង ហើយលោក រំពឹងថា បន្ទាប់ពីមានអនុស្សារណៈនេះ និស្សិតច្បាប់កម្ពុជា នឹងកាន់តែមានជំនាញផ្នែកច្បាប់កាន់តែច្បាស់លាស់ឡើង៕