(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បី របស់ពិភពលោក គឺក្រុមហ៊ុន Emirates Ariline បានប្រកាសថា ខ្លួននឹងបើកដំណើរការជើងហោះហើរ ជាលើកដំបូងរបស់ខ្លួន មកកាន់រាជធានីភ្នំពេញ ប្រទេសកម្ពុជានៅខែកក្កដា ឆ្នាំំ២០១៧ ខាងមុខនេះ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ Emirates បានបញ្ជាក់ថា ទីក្រុងភ្នំពេញ នៅប្រទេសកម្ពុជានឹងក្លាយជា ទិសដៅថ្មីបំផុតរបស់ខ្លួន ដោយត្រូវធ្វើការបំរើសេវាជើងហោះហើរ ចាប់ពីខែ កក្កដាក្នុងឆ្នាំនេះទៅ ដោយប្រើ យន្តហោះ Boeing 777-300ER មាន ថ្នាក់២ប្រភេទ ។
ជើងហោះហើរក្រៅស្រុកលេខ EK388 នឹងធ្វើដំណើរចាកចេញពីទីក្រុងឌូបៃ នៅម៉ោង៩៖១៥នាទីព្រឹក និងចុះចតនៅទីក្រុង យ៉ាងហ្គន នៅម៉ោង ៥៖២៥នាទីល្ងាច។ ការហោះហើរនឹងបន្តពីយ៉ាងហ្គន នៅម៉ោង ៦៖៥៥នាទីល្ងាច ហើយ ចុះចតទីតាំងចុងក្រោយគឺទីក្រុងភ្នំពេញនៅម៉ោង ៩៖២៥នាទី យប់។
ពេលវេលានៃជើងហោះហើរ របស់យន្តហោះលេខ EK388 នឹងមានការភ្ជាប់យ៉ាងរលូនទៅនឹងជើង ហោះហើរ មួយចំនួន របស់សហគមន៏អ៊ឺរុប ដូចជា ទីក្រុងប៉ារីស ទីក្រុងឡុង និងទីក្រុងហ្វ្រេងហ្វត ជាដើម។ សម្រាប់ការហោះហើរត្រឡប់ ជើងហោះហើរលេខ EK389 នឹងចេញដំណើរពីទីក្រុង ភ្នំពេញនៅម៉ោង ១១៖ ១០នាទីយប់ និងធ្វើដំណើរទៅដល់ទីក្រុងឌូបៃនៅម៉ោង ៥៖៤០នាទីព្រឹក នាថ្ងៃបន្ទាប់ ក្រោយការចុះចតដ៏ខ្លីមួយនៅទីក្រុងយ៉ាងហ្គន។ ពេលវេលាហោះហើរគ្រប់ជើងគឺសុទ្ធតែជា ពេលវេលាក្នុងតំបន់។
ទីក្រុងភ្នំពេញ ដែលស្ថិតនៅចំណុចកណ្តាលភាគខាងត្បូងនៃប្រទេសកម្ពុជា គឺជារាជធានីដែលមាន ប្រជាជនរស់នៅ ច្រើនជាងគេបំផុត នៅប្រទេសកម្ពុជា ហើយក៏ជាច្រកចូលសំខាន់ទៅកាន់ ប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌពិភពលោក នៅលើទឹកដីខេត្តសៀមរាប។
សន្ទុះនៃការអភិវឌ្ឍ និងការរីកចម្រើនខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធបានប្រែក្លាយទីក្រុងភ្នំពេញអោយទៅជាទិសដៅដ៏សំខាន់ សំរាប់វិស័យទេសចរណ៏និងវិស័យសេដ្ឋកិច្ច។ នៅក្នុងឆ្នាំ២០១៥មានភ្ញៀវទេសចរមកដល់ ប្រទេសកម្ពុជា លើសពី៤លាន៧សែននាក់ ហើយមានការព្យាករណ៏ទុកជាមុនថា មុនឆ្នាំ២០២០ នឹងមានដល់ទៅ ៨លាននាក់។ មិនតែប៉ុណ្ណោះ ការសម្ពោធនៃការពង្រីក ស្ថានីយអ្នកដំណើរ អាកាសចរណ៍ភ្នំពេញ ខែមិនាកន្លងមក នឹងជំរុញ អោយមានកំណើនអ្នកធ្វើដំណើរទ្វេដង។
ខ្សែជើងហោះហើរថ្មី ពីទីក្រុងឌូបៃទៅ ទីក្រុងយ៉ាងហ្គន និងទៅដល់ទីក្រុងភ្នំពេញ ក៏នឹងផ្តល់ លទ្ធភាពឲ្យ អ្នកធ្វើដំណើរដទៃ មកពីទីក្រុងយ៉ាងហ្គនធ្វើដំណើរមកទីក្រុងភ្នំពេញ និងត្រឡប់ទៅ វិញផងដែរ។ ក្រុមហ៊ុន Emirates អ៊ែរឡាញ នឹងក្លាយក្រុមហ៊ុនអ៊ែរឡាញតែមួយគត់ ដែលមាន ជើងហោះហើរផ្ទាល់ ភ្ជាប់ទីក្រុងទាំងពីរនេះ។
ចំពោះទំនិញផ្ទុកវិញ ក្រណាត់ និង សម្លៀកបំពាក់ នឹងត្រូវបានរំពឹងទុកថាជាឥវ៉ាន់នាំចេញពីទីក្រុងភ្នំពេញ ដ៏មានប្រជាប្រិយភាពជាងគេតាមរយៈជើងហោះហើរនេះ៕