(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ក្រាបជាក់​ស្តែងករណី ឆក់កាបូបប្រជាពលរដ្ឋតាមមូលដ្ឋាន ខណៈកំពុងធ្វើដំណើរនៅលើផ្លូវ៧០ ចំណុចមុខស្ថានទូតបារាំង ផ្លូវព្រះ​មុន្នីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ​ ដោយចាប់ខ្លួនជាបន្តបន្ទាប់ចំនួន២នាក់។  

មន្រ្តីនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនមុនគេមានឈ្មោះ ថោង ឡោះ អាយុ២៥ឆ្នាំ ស្នាក់នៅម្តុំបឹងកក់ ភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយដកហូតបានម៉ូតូជិះធ្វើសកម្មភាពម៉ាកសេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1 AQ-9818 និងកាបូបរបស់ជនរងគ្រោះ។ ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំង​សមត្ថកិច្ច​បានស្វែងរកជនរងគ្រោះ តែជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹងទេ។

ក្រោយពីមានចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ថោង ឡោះ ថា ពាក់ពន្ធ័និងករណីឆក់កាបូបកាលពីថ្ងៃ១៨ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង១៧៖៤០នាទី នៅចំណុចមុខស្ថានទូតបារាំង ជាមួយឈ្មោះ ជីប អូន (ហៅណាង ហៅអូនចិន្តា) កម្លាំង​នគរបាល ក្រោមការដឹកនាំពីលោក ប៊ុន សត្យា នាយការិយាល័យ បានចុះទៅឃាត់ខ្លួន បានជនសង្ស័យម្នាក់ទៀតឈ្មោះ ជីប អូន (ហៅណាង ហៅអូនចិន្តា) អាយុ២៥ឆ្នាំ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង១៣៖០០ នៅចំណុចផ្ទះ​ជួលលេខ០៣៣ ផ្លូវរថភ្លើង ភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

សម្រាប់ការឃាត់ខ្លួនជនសង្ស័យរូបនេះ កម្លាំងនគរបាល បានដកហូតបានកាំបិតកែច្នៃមួយដើម, សោខ្សៀលេខ៨មួយ, ដែកកាច់​សោម៉ូតូរាងសំប៉ែតមួយ, ដំបងដែកដងឈើមួយ, ញញួរដងស្រួចមួយ, ញញួរចំនួនមួយ និងឧបករណ៍សម្រាប់​ប្រើប្រាស់សារធាតុញៀនមួយចំនួនផងដែរ។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់និងវត្ថុតាង កំពុងឃាត់ខ្លួននិងរក្សាទុកនៅ ការិយាល័យដើម្បីចាត់ការតាមច្បាប់៕