(សៀមរាប)៖ ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់អង្គរ បានសម្តែងការអបអរសាទរសប្បាយរីករាយ និងអរគុណចំពោះក្រុមការងារសហគមន៍ អាជ្ញាធរជាតិអប្សរា ដែលបានចុះមកពិនិត្យ និងអនុញ្ញាតសំណើសុំជួសជុលផ្ទះ និងសាងសង់សំណង់ស្រាល ដល់ពួកគាត់ដែលរស់នៅស្របច្បាប់ ក្នុងតំបន់អង្គរ តាំងពីយូរណាស់មកហើយ។
លោក សាំង សុផល ពលរដ្ឋនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប បានបង្ហាញនូវភាពសប្បាយរីករាយ និងអរគុណចំពោះក្រុមការងារអាជ្ញាធរជាតិអប្សរា បានចុះមកពិនិត្យផ្ទះរបស់លោក និងបានអនុញ្ញាតឲ្យលោកក្នុងការធ្វើរបង ធ្វើទ្រុងមាន់ និងជួសជុលផ្ទះបាយ។
លោកក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋដទៃទៀត ដែលរស់នៅស្របច្បាប់ ក្នុងរមណីយដ្ឋានអង្គរ មានបំណងជួសជុលផ្ទះសម្បែង ឬសាងសង់សំណង់ស្រាល សូមទាក់ទងទៅអាជ្ញាធរមូលដ្ឋាន និងស្នើសុំទៅអាជ្ញាធរជាតិអប្សរា ដោយផ្ទាល់ ជៀសវាងការពឹងពាក់ជនណាម្នាក់ ដែលអាចនាំឲ្យចាញ់បោកគេបាន ព្រោះការដាក់ពាក្យស្នើសុំជួសជុល ឬសាងសង់ស្រាល គឺមានភាពងាយស្រួល និងមិនអស់ប្រាក់ទេ។
សូមជម្រាបថា ក្រុមការងារសហគមន៍ អាជ្ញាធរជាតិអប្សរា តែងតែចុះពិនិត្យសំណើសុំសាងសង់ និងអនុញ្ញាតសំណើសុំភ្លាមៗ ជូនប្រជាពលរដ្ឋដល់លំនៅដ្ឋានរបស់ពួកគាត់ផ្ទាល់ ដើម្បីជួយសម្រួលទុក្ខលំបាក និងមិនចាំបាច់ចំណាយពេលវេលា ធ្វើដំណើរមកដាក់ពាក្យ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា៕