(រតនគីរី)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅពេលថ្មីៗនេះ បានធ្វើលិខិតមួយច្បាប់ផ្ញើ ទៅអភិបាលខេត្តរតនគីរី លោក ថង សាវុន ស្នើឲ្យពិនិត្យ និងដោះស្រាយភាពមិនប្រក្រតី របស់ឧកញ៉ា សា លាង ប្រធានក្រុមហ៊ុនហេង តារា ផ្សារបាលុង ខេត្តរតនគីរី ដែលរងនូវការចោតប្រកាន់ថា បានយកលុយភាស៊ី និងយកថ្លៃជួលតូបលើស ពីសៀវភៅបន្ទុក។

ការដាក់លិខិតស្នើឲ្យ អភិបាលខេត្តរតនគីរី ដោះស្រាយបញ្ហានេះ ធ្វើឡើងបន្ទាប់ពី ACU ទទួលបានពាក្យបណ្ដឹង ដែលរាយការណ៍មក​ថា ក្រុមហ៊ុនរបស់ឧកញ៉ា សា លាង បានយកភាស៊ីក្រៅបរិវេណផ្សារ យកភាស៊ីអនាម័យជាន់គ្នា និងយកថ្លៃជួលតូបលើសសៀវភៅបន្ទុកផងដែរ។

ពាក់ព័ន្ធបញ្ហានេះ ឧកញ៉ា សា លាង ដែលទទួលបានសិទ្ធិគ្រប់គ្រងផ្សារបាលុង បានថ្លែងអះអាងប្រាប់អង្គភាព Fresh News នៅ​រសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយបានច្រានចោល នូវការលើកឡើងខាងលើ ដែលអះអាងថា រូបគាត់​មិនបានយកលុយថ្លៃភាស៊ី និងថ្លៃតូបលើសពីសៀវភៅបន្ទុកនោះឡើយ។

លោកឧកញ៉ា សា លាង បានអះអាងថា ចំពោះបញ្ហាថ្លៃអនាម័យ នៅផ្សារបាលុងខ្លួន បានបង់លុយ៣លានរៀលក្នុង១ខែ ជូនក្រុម​ហ៊ុនដឹកសំរាម ជា គួង។ ចំពោះការប្រមូលលុយថ្លៃអនាម័យ នៅក្រៅផ្សារគឺ ជា គួង អ្នកយក។ បើទោះបីជាខាងអជ្ញាធរខេត្ត និង​ទី​ស្ដី​ការគណៈរដ្ឋមន្ដ្រី ចេញលិខិតឲ្យបញ្ឈប់យ៉ាងណាក្ដី ក៏ពួកគេនៅតែបន្ដយកដដែល។

ដោយឡែកសម្រាប់ បញ្ហាតម្លៃតូបវិញចំពោះ តូបលក់ដូរក្នុងអគារចាស់ លោកបានបញ្ជាក់ទៀតថា លោកយកថ្លៃភាស៊ី ទៅតាមសៀវភៅបន្ទុក ស្របតាមកិច្ចព្រមព្រៀងជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ សម្រាប់តូបលក់ដូរដែលទើបសង់ថ្មី លោកថា ធ្វើទៅតាមកិច្ចព្រមព្រៀងជាមួយ នឹងអ្នកជួលតូបយ៉ាងត្រឹមត្រូវ ដោយមានក្រសួងសេដ្ឋកិច្ច ជាអ្នកដឹងឮផង​ដែរ៕