(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា នៅល្ងាចថ្ងៃទី ២០ ខែកុម្ភៈ នេះបានដឹកនាំគណៈប្រតិភូនៃបណ្ឌិត្យសភានគរបាលកម្ពុជា ចូលរួមពិធីប្រកាស សមាគមស្ថាប័នហ្វឹកហ្វឺន នគរបាលក្នុងទ្វិបអាស៊ី ( APTA ) នៅប្រទេសកូរ៉េ ចាប់ពីថ្ងៃ ២១ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។
ការអញ្ជើញទៅចូលរួមនេះ តបតាមការ អញ្ជើញរបស់ ឧត្តមសេនីយ៍ឯក Suh Bum Soo សកលវិទ្យាធិការនៃសកលវិទ្យាល័យ នគរបាលកូរ៉េ ។ ដំណើរទស្សនកិច្ចនេះ គឺមានគោលបំណង ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ លើការងារបណ្តុះបណ្តាលមន្រ្តីនគរបាល រវាងបណ្ឌិត្យសភានគរបាលកម្ពុជា និង សមាគមស្ថាប័នហ្វឹកហ្វឺន នគរបាលក្នុងទ្វិបអាស៊ី ( APTA ) ដែលស្របតាមផែនការ យុទ្ធសាស្រ្ត រយៈពេល៥ឆ្នាំ ( ២០១៥ - ២០១៩ ) របស់បណ្ឌិត្យសភា នគរបាលកម្ពុជា ។
ដំណើរទស្សនកិច្ចនេះផងដែរមានគោលដៅ ពង្រីកកិច្ចសហប្រតិបត្តិការក្នុងតំបន់ ឱ្យកាន់តែប្រសើរឡើង និងទូលំទូលាយថែមទៀត ក្នុងការហ្វឹកហ្វឺននគរបាល តាមរយៈ ៖
១. យល់ដឹងអំពីផលប្រយោជន៏ សមាគមស្ថាប័នហ្វឹកហ្វឺន នគរបាលក្នុងទ្វិបអាស៊ី ( APTA )
២. បង្កើតភាពយល់ដឹងនិងកសាងមនសិការលើតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការចម្រុះក្នុងការហ្វឹកហ្វឺននគរបាល
៣. ស្វែងរកឱកាសនិងបង្កើតផែនការ កិច្ចសហប្រតិបត្តិការតាមស្ថាប័ន ហ្វឹនហ្វឺន នគរបាលក្នុងតំបន់ ៕