(បន្ទាយមានជ័យ)៖ ក្រុមអាជីវករខ្មែរដែលរកស៊ីលក់ដូរ នៅផ្សាររុងគ្លឿ ប្រមាណ១០០នាក់ នៅវេលាម៉ោងជាង៣រសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានផ្ទុះការតវ៉ា រហូតបិទផ្លូវតែម្តង នៅក្រោមប្រាសាទកំពូល៣ ត្រង់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បណ្តាលឲ្យមានការកកស្ទះចរាចរណ៍ និងមិនអាចធ្វើដំណើរឆ្លងកាត់បាន។
តាមសេចក្តីរាយការណ៍របស់ភ្នាក់ងារ Fresh News បានឲ្យដឹងថា មូលដែលនាំឲ្យក្រុមអាជីវករបិទផ្លូវខាងលើនេះ ដោយសារតែពួកគាត់ខឹងសមត្ថកិច្ចថៃ ចុះចាប់ទំនិញរបស់ពួកគាត់ ដោយចោទថា «រំលោភកម្មសិទ្ធិបញ្ញា» តាំងពីថ្ងៃទី១៩ រហូតមកដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
ជាមួយគ្នានេះ ក្រុមអាជីវករខ្មែរ ក៏មានការខឹងសម្បារយ៉ាងខ្លាំងផងដែរ ចំពោះខាងសមត្ថកិច្ចថៃ នាព្រឹកមិញ បានចាប់វាយខ្នោះពលករខ្មែរ២នាក់ ប៉ុន្តែដោះលែងទៅវិញ ដោយអះអាងថា មានការយល់ច្រឡំ។
នៅពេលនេះអភិបាលក្រុងប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួន បានចុះទៅសម្របសម្រួលជាមួយសមត្ថកិច្ចថៃ ដើម្បីរកសំណោះស្រាយ៕