(កំពង់ចាម)៖ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានអញ្ជើញចូលបើកពិធីសម្ពោធ អគារសិក្សាមួយខ្នង និងបញ្ចុះបឋមសិលាសាងសង់អគារស្នាក់នៅ របស់សិក្ខាកាមមួយខ្នងទៀត នៅសាលាវិស្វកម្មតេជោ ក្នុងខេត្តកំពង់ចាម។
ក្នុងពិធីខាងលើ នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានកោតសរសើរដល់បញ្ជាការដ្ឋានវិស្វកម្មថា ក្រោយពីទទួលភារកិច្ចស្ថាបនាផ្លូវនៅតាមខ្សែបន្ទាត់ព្រំដែន ទូទាំងប្រទេសកម្ពុជារួចមក កងកម្លាំងវិស្វកម្ម នៃកងយោធពលខេមរភូមិន្ទ បានជួបនូវឧបសគ្គស្មុគ្រស្មាញជាច្រើន ប៉ុន្តែឧបសគ្គទាំងនោះ ពុំបានរាំងស្ទះដល់ការសាងសង់នោះទេ ផ្ទុយទៅវិញកងវិស្វកម្ម នៅតែខិតខំយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន សម្រេចបានស្នាដៃធំៗយ៉ាងច្រើនសន្ធឹកសន្ធាប់ ជូនកងយោធពលខេមរភូមិន្ទ ក៏ដូចជា ប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជា។
លោកនាយឧត្តមសេនីយ៍ បានបញ្ជាក់ថា «ស្នាដៃទាំងនោះ មានដូចជា ការស្ថាបនាបណ្តាញគមនាគមន៍ លានដ្ឋាន សំណង់អគារ ជម្រុំបន្ទាយ ជាដើម»។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានបន្តថា អគារសិក្សា និងអគារស្នាក់នៅរបស់សិក្ខាកាម ដែលបានរៀបចំពិធីនាថ្ងៃនេះ គឺជាអំណោយរបស់ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
លោកឧត្តមសេនីយ៍ឯក ប៉ែន រ៉ា មេបញ្ជាការរងកងវិស្វកម្មអគ្គបញ្ជាការ បានឲ្យដឹងថា សាលាបានទទួលនូវអគារសិក្សា១ខ្នង មាន៨បន្ទប់ ចែកចេញជា២ជាន់ ទំហំ១,១២០ម៉ែត្រការេ ប្រើប្រាស់ថវិកា អស់ចំនួន ២០១,៤៩១ដុល្លារ និងកំពុងបញ្ចុះបឋមសិលាកសាងអគារស្នាក់នៅរបស់សិក្ខាកាម១ខ្នងទៀត មាន២ជាន់ ទំហំ២,៣០៤ម៉ែត្រការ៉េ៕