Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាពលរដ្ឋ និងអាជីវករនៅផ្សារតំបែរ ទទួលការណែនាំរបៀប​ជ្រើសរើស ផលិតផល​ម្ហូបអាហារ ដែលមានសុវត្ថិភាព​សម្រាប់ទទួលទាន

21-02-2017 15:09

(ត្បូងឃ្មុំ)៖ ដើម្បីធានាសុខមាលភាព ជូនប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ មន្ត្រីសាខាកាំកុងត្រូលប្រចាំខេត្តត្បូងឃ្មុំ ដឹកនាំដោយលោក លិ វុត្ថា ប្រធានទីផ្សារសាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ សហការណ៍ជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចុះធ្វើការត្រួតពិនិត្យគុណភាពទំនិញ ដែលអាជីវករ លក់ដូរក្នុងផ្សារ និងនៅតាមផ្ទះជុំវិញផ្សារតំបែរ ស្ថិតនៅក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

លោក លិ វុត្ថា បានឲ្យដឹងថា គោលបំណងនៃការចុះអង្កេតនេះ ដោយផ្អែកទៅលើការណែនាំ របស់អគ្គនាយកដ្ឋានកាំកុងត្រូល ជាពិសេសអនុសាសន៍របស់ លោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកុងត្រូល បានណែនាំដល់មន្ត្រីកាំកុងត្រូល គ្រប់សាខាទាំងអស់​ទូទាំងប្រទេសឲ្យធ្វើការ ត្រួតពិនិត្យទំនិញជាផលិតផលម្ហូបអារហារ តាមទីផ្សារជាប្រចាំ ដើម្បីធានាសុខភាព ប្រជាពលរដ្ឋ
ជាអ្នកប្រើប្រាស់។

លោកប្រធានទីផ្សារ បានបន្តទៀតថា ជាលទ្ធផលក្នុងការចុះអង្កេតនោះ មន្ត្រីកាំកុងត្រូលបានធ្វើការត្រួតពិនិត្យឃើញ និងដកហូតទំនិញជាគ្រឿងឧបភោគ និងបរិភោគ ហួសកាលបរិច្ឆេទនៃការប្រើប្រាស់ សំបកកំប៉ុងប៉ោង កំពិត និងពុំមានស្លាកសញ្ញា លើសំបកវេចខ្ចប់ត្រឹមត្រូវបានមួយចំនួន មានដូចជា៖ ទឹកក្រូច ទឹកផ្លែឈើ អាហារកំប៉ុង ដើម្បីយកទៅ កំទេចចោលព្រមទាំងបានធ្វើការអប់រំ ក៏ដូចជាណែនាំដល់អាជីវករ ឲ្យដាក់តាំងលក់ទំនិញដែលមានគុណភាពល្អ មានស្លាកសញ្ញាត្រឹមត្រូវ និងហាមដាច់ខាត ទំនិញដែលគ្មានកាលបរិច្ឆេទច្បាស់លាល់ជាពិសេសហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ដែលខុសបទបញ្ញតិនៃច្បាប់។

ព្រមទាំងធ្វើការបិទស្លាកស្ទីកគ័រ និងបង្ហាញដល់អាជីវករ ក៏ដូចជាប្រជាពលរដ្ឋ នូវរបៀបមើលថ្ងៃខែកំណត់នៃការបរិច្ឆេទ និងការជ្រើសរើសផលិតផលម្ហូបអាហារ ដែលមានសុវត្ថិភាពសម្រាប់ទទួលទាន។

លោក លិ វុត្ថា ប្រធានទីផ្សារសាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ បានបញ្ជាក់បន្ថែមទៀតថា ជាទិសដៅតាមផែនការសកម្មភាព មន្ត្រីសាខាកាំកុងត្រូលប្រចាំខេត្តត្បូងឃ្មុំ នឹងខិតខំចុះអង្កេត និងត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញ ជាប្រចាំនិងធ្វើតេស្តិ៍​បឋមដើម្បីរកសារធាតុគីមី ហាមឃាត់នៅលើចំណីអារហារ ព្រមទាំងយកគំរូដែលជាផលិតផលម្ហូបអារហារ ដែលមាន​ហានីភ័យខ្ពស់ បញ្ជូនទៅមន្ទីរពិសោធនិ៍ របស់អគ្គនាយកដ្ខានកាំកុងត្រូលដើម្បីវិភាគថែមទៀត៕