(ភ្នំពេញ)៖ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ពុំបានចូលរួមសួរសុខទុក្ខសកម្មជនគណបក្សសង្រ្គោះជាតិ១៥នាក់ នៅក្នុងពន្ធនាគារព្រៃស តាមការគ្រោងទុក នៅវេលាម៉ោង៣៖០០រសៀល ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧នោះទេ ដោយនៅរសៀលនេះ គេឃើញមានតែ លោកស្រី មូ សុខហួរ, លោក អ៊ូ ច័ន្ទរ័ត្ន និងតំណាងរាស្រ្តគណបក្សប្រឆាំង មួយចំនួនប៉ុណ្ណោះ។
នាថ្មីៗនេះ ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានស្នើសុំចូលសួរសុខទុក្ខសកម្មជនរបស់ខ្លួន១៥នាក់ ដែលជាប់នៅក្នុងពន្ធនាគារព្រៃស នៅរសៀលថ្ងៃនេះ ហើយក្រសួងមហាផ្ទៃក៏បានអនុញ្ញាតឱ្យចូលសួរសុខទុក្ខផងដែរ។ តាមសំណើនេះ បានឱ្យដឹងថា លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ នឹងដឹកនាំមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ចូលសួរសុខទុក្ខតែម្តង។
សូមជំរាបថា សកម្មជនគណបក្សសង្រ្គោះជាតិ១៥នាក់ ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារព្រៃសនេះ ត្រូវតុលាការចោទប្រកាន់ពាក់ព័ន្ធនឹងអំពើហិង្សា នៅក្បែរទីលានប្រជាធិបតេយ្យ និងក្លែងឯកសារសាធារណៈ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅចុងឆ្នាំ២០១៤ និងដើមឆ្នាំ២០១៥៕