(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានបញ្ជាក់ឲ្យដឹងថា ប្រទេសកម្ពុជាបានរងគ្រោះ ដោយសារគ្រាប់បែកចង្កោម ដែលទម្លាក់ដោយកងទ័ពអាកាសអាមេរិក ចំនួនប្រមាណ២៩.៥លានគ្រាប់ ដោយគ្រាប់បែកទាំងនោះ បាន និងកំពុងបន្តគំរាមកំហែងអាយុជីវិត របស់ប្រជាពលរដ្ឋខ្មែរ រហូតមកដល់សព្វថ្ងៃនេះ។
ការលើកយកបញ្ហាគ្រាប់បែកចង្កោមមកនិយាយ របស់លោក ហេង រតនា នៅពេលនេះ ត្រូវបានគេដឹកថា ធ្វើឡើងបន្ទាប់ពីគ្រាប់បែកចង្កោម ដែលបន្សល់ដោយអាមេរិកនេះ ទើបតែបានផ្ទុះបណ្តាលឲ្យពលរដ្ឋខ្មែរម្នាក់រងគ្រោះ នៅខេត្តរតនគិរី ហើយកំពុងជួយសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៉ី។
លោក ហេង រតនា បានបញ្ជាក់តាមរយៈ Facebook ផ្លូវការរបស់លោកយ៉ាងដូច្នេះថា «ប្រទេសកម្ពុជារងគ្រោះ ដោយសារគ្រាប់បែកចង្កោមក្នុងសម័យ សង្គ្រាមនៅទស្សវត្សរ៍ទី៦០ និងទី៧០ ដែលទំលាក់ដោយកងទព័អាកាស សហរដ្ឋអាមេរិកមានចំនួនប្រមាណជាង២៩.៥លានគ្រាប់ (29.5 Millions Cluster Submunitions) ឯកសារខ្លះថា មានចំនួន២៦លានគ្រាប់ ហើយមានច្រើនប្រភេទ ដូចជា BLU 17, BLU24, BLU69 ជាដើម និងគ្រាប់បែកចង្កោម ត្រូវបានប្រើប្រាស់ ដោយកងទព័ថៃ នៅសមភូមិប្រាសាទព្រះវិហារក្នុងឆ្នាំ២០០៨ ដោយបាញ់តាមគ្រាប់ផ្លោងកាំភ្លើងធំ១៥៥មីល្លីម៉ែត្រ មានចំនួន៤ប្រភេទ»។
លោកបន្តថា នៅក្នុងពិភពលោកយើងនេះ មានប្រទេសចំនួន១៧ ជាអ្នកធ្លាប់ប្រើប្រាស់គ្រាប់បែកចង្កោមនេះ និងមានប្រទេសចំនួន៣០ ជាអ្នកផលិត ហើយមានប្រទេសចំនួន៦១ មានស្តុកទុកគ្រាប់បែកចង្កោមនេះ។ អនុសញ្ញាអន្តរជាតិ ក្រុងអូស្លូរបានចូលជាធរមាននៅថ្ងៃទី០១ ខែកក្កដា ២០១០ ដោយមានរដ្ឋភាគីចំនួន១១៨ប្រទេស។
លោកបញ្ជាក់ថា បច្ចុប្បន្នកំលាំងស៉ីម៉ាក់គាំទ្រថវិកា ដោយសហរដ្ឋអាមេរិក បានមមាញឹកបោសសំអាត នៅតាមបណ្តាខេត្តទិសខាងកើតប្រទេស ជាពិសេស ខេត្តក្រចេះ កំពង់ចាម និងត្បូងឃុំមជាដើម។ល។ ដែលមានដង់ស៉ីតេ ប្រជាជនរស់នៅច្រើន ហើយទាំងតំបន់លំនៅដ្ឋាន និងកសិកម្មរងផលប៉ះពាល់ធ្ងន់ធ្ងរខ្លាំង។ នេះជាដំណើរការវែងឆ្ងាយ និងដ៏លំបាកសំរាប់មនុស្សច្រើន ជំនាន់ដើម្បីរំដោះទឹកដីនៃកម្ពុជា មុននឹងអាចឲ្យទឹកដីសុវណ្ណភូមិនេះ ផ្តល់ការកក់ក្តៅជូន ប្រជាពលរដ្ឋអាចប្រើប្រាស់ដីធ្លី ប្រកបដោយសុខសាន្ត មិនភ័យខ្លាចគ្រោះថ្នាក់ ដោយសារប៉ះពាល់សំណល់ជាតិផ្ទុះ ដែលជាមរតកពីសង្គ្រាម។
លោកបន្តថា ជាក់សែ្តងជនរងគ្រោះ ដោយសារគ្រាប់បែកចង្កោម កាលពីថ្ងៃទី១៩ ខែកុម្ភៈនេះ គាត់មានអាយុ៣៥ឆ្នាំ ពោលរូបលោកកើតមិនទាន់ការទំលាក់គ្រាប់បែកនេះទេ តែគាត់និងគ្រួសារគាត់ ព្រមទាំងក្មេងៗជំនាន់ក្រោយៗដទៃទៀត នៅតែជាមុខសញ្ញាជនរងគ្រោះ ដោយសារសំណល់ពីសង្គ្រាមនេះ។
លោកសង្កត់ធ្ងន់ថា «វិធានការជាយុទ្ធសាស្ត្រ ចំពោះបញ្ហាសំណល់ជាតិផ្ទុះ ពីសង្គ្រាមនេះរដ្ឋនិមួយៗ មានតែពង្រឹងសមត្ថភាពស្ថាបន័ជាតិប៉ុណ្ណោះ ក្នុងការប្រឈមមុខដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល ព្រោះថាបញ្ហានេះ វាមានចរិកជាអចិន្ត្រៃយ៍ មិនមែនពង្រឹងសមត្ថភាព អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិនោះទេ។ ការដឹកនាំវិស័យមីននេះ បែបអង្គការអន្តរជាតិនិយម គឺជាបញ្ហាប្រឈមសំរាប់អនាគតមិនខានឡើយ!»។
សូមជម្រាបថា នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ មានហេតុការណ៍ផ្ទុះគ្រប់បែកចង្កោមមួយដ៏កក្រើក នៅភូមិចាអុងចាន់ ឃុំចាអុង ស្រុកអូរជុំ ខេត្តរតនគិរី បណ្ដាលឲ្យជនរងគ្រោះឈ្មោះ កា ស៊ុយនុ អាយុ៣២ឆ្នាំ ជនជាតិទំពួន រស់នៅភូមិ៣ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី រងរបួសបាក់ជើងឆ្វេងទាំងស្រុង ហើយត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យរុស្ស៊ី រាជធានីភ្នំពេញ៕