(ភ្នំពេញ)៖ ចោរជំនាញខាងឆ្កឹះសោបន្ទប់ និងផ្ទះប្រជាពលរដ្ឋម្នាក់ នៅពេលនេះត្រូវបានកម្លាំងនគរបាល ចាប់វាយខ្នោះ ខណៈចូលគាស់បន្ទប់ជួលរបស់ប្រធានផ្សារ «វ៉ិនមីង» ក្បែររបងសួនឧស្សាហកម្មកាណាឌីយ៉ា យកបានទូរស័ព្ទ២គ្រឿង។ ការចាប់ខ្លួនជនសង្ស័យរូបនេះ ដោយសារម្ចាស់ផ្ទះ មើលឃើញទាន់តាមកាមេរ៉ាសុវត្ថិភាព ហើយបានទៅប្តឹងនគរបាលតែម្តង។
ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅផ្សារ «វ៉ិនមីង» ជាប់របងសួនកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះ តុល សារ៉ាត អាយុ២៤ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅបន្ទប់ជួល នៅភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅស្រុកត្រាំកក់ ខេត្តតាកែវ។ ចំណែកម្ចាស់បន្ទាប់ឈ្មោះ ផេង វុត្ថា ភេទប្រុស មុខរបរជាប្រធានផ្សារ«វីលមីង» ស្នាក់នៅកន្លែងកើតហេតុ។
សមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា នៅមុនពេលកើតហេតុ ម្ចាស់បន្ទប់ដែលជាប្រធានផ្សារ «វីលមីង» មិនបាននៅក្នុងបន្ទប់ ដោយបានចាក់សោត្រឹមត្រូវ មុននិងចាកចេញទៅធ្វើការបាត់។ បន្ទាប់មកម្ចាស់បន្ទប់ បានឆែកឃើញតាមកាមេរ៉ាសុវត្ថិភាព ដោយជនសង្ស័យកំពុងធ្វើសកម្មភាពគាស់បន្ទប់ ទើបម្ចាស់ផ្ទះរាយការណ៍ ទៅសមត្ថកិច្ចចុះឃាត់ខ្លួនភ្លាមៗតែម្តង ខណៈជនសង្ស័យទើបតែលួចបានទូរស័ព្ទ២គ្រឿងតែប៉ុណ្ណោះ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានយកទៅធ្វើការសាកសួនៅប៉ុស្តិ៍ចោមចៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕