(ភ្នំពេញ)៖ បន្ទាប់ពីរដ្ឋសភាកម្ពុជា ដែលជាស្ថាប័នតាក់តែងច្បាប់កំពូលរបស់ប្រទេសកម្ពុជា និងជារដ្ឋអធិបតេយ្យមួយ ​បានសម្រេចអនុម័តលើ សេចក្តីស្នើវិសោធនកម្ម​ច្បាប់ ស្តីពី​គណបក្សនយោបាយ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ម្សិលមិញ។ ភ្លាមៗស្ថាប័នមួយចំនួនបានចេញសេចក្តីថ្លែងការណ៍ សម្តែងការព្រួយបារម្ភចំពោះការធ្វី​វិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយនៅកម្ពុជាក្នុងនោះមានទាំង សហរដ្ឋអាមេរិកតាមរយៈស្ថានទូត របស់ខ្លួននៅកម្ពុជា។ តើការចេញសេចក្តីថ្លែងការណ៍នេះជាការចង់លូកដៃដើម្បីជួយគណបក្សប្រឆាំង ដែលខ្លួនជួយជ្រោមជ្រែងក្នុងការបង្កើត និងស្តាប់បញ្ជាខ្លួន ឬខ្លាចគណបក្សកូនជឹងរបស់ខ្លួនមួយនេះត្រូវបានរំលាយ? ខ្ញុំសូមលើកឡើងចំណុចខ្លះៗរបស់អាមេរិក មកអត្ថាធិប្បាយជូនប្រិយមិត្តដើម្បីឱ្យដឹងធាតុពិតថា តើអាមេរិកជានរណា និងមានគោលដៅយ៉ាងណា?

១៖ តើអាមេរិក គឺជានរណា ? អាមេរិក គឺជាមហាអំណាចពិភពលោក ដែលបានចាត់ទុកខ្លួនឯង គឺជាបងធំពិភពលោក និងធ្វើអីតាមអំពើចិត្ត! អាមេរិកតាំងខ្លួន គឺជាបិតាប្រជាធិបតេយ្យ និងជាមាតាសិទ្ធិមនុស្ស! តាមច្បាប់អន្តរជាតិ រដ្ឋនីមួយៗ ទោះតូចក្តី ទោះធំក្តី គឺមានអធិបតេយ្យរៀងៗខ្លួនដែលអធិបតេយ្យនេះ គឺជាព្រលឹងរបស់ជាតិនីមួយៗ ហើយដែលមិនអាចនរណាឈ្លានពានបានឡើយ។ នៅក្រោយការដួលរលំនៃសហភាពសូវៀត ដែលជាការបិទបញ្ចប់ នៃសង្រ្គាមត្រជាក់ អាមេរិកបានចាប់ផ្តើមអនុវត្តយុទ្ធសាស្រ្តគ្រប់គ្រងពិភពលោក តាមរយៈការស៊ីរដ្ឋដទៃ មានន័យថា ជាយុទ្ធសាស្ត្រផ្លាស់ប្តូរមេដឹកនាំរដ្ឋបរទេស ដែលអាមេរិកអនុវត្តតាំងពីដើមរហូតមកដល់សម័យលោកប្រធានាធិបតី ប៉ារ៉ាក់ អូបាម៉ា។ រដ្ឋដែលជាគោលដៅនៃការផ្លាស់ប្តូរនាពេលកន្លងទៅ គឺជារដ្ឋដែល មិនរណបឱ្យអាមេរិក ឬដែលជាសត្រូវរបស់អាមេរិក ឬជារដ្ឋដែលបដិសេធមិនផ្តល់ផលប្រយោជន៍ឱ្យអាមេរិកដូចជា រ៉ែប្រេងជាដើម ហើយធ្វើការផ្លាស់ប្តូរ ក្រោមលេសប្រជាធិបតេយ្យសេរី និងសិទ្ធិមនុស្ស។

ការផ្តួលរំលំរបបដឹកនាំនៃរដ្ឋដទៃ គឺធ្វើឡើងតាមរយៈការបង្កើតចលនានយោបាយប្រឆាំង នឹងរបបដឹកនាំនោះពីខាងក្នុង ដោយប្រើដៃប្រជាជន និងអ្នកនយោបាយនៅក្នុងរដ្ឋនោះ ដើម្បីចៀសវាងការប្រើកម្លាំងយោធា ដែលនឹងទទួលរងការចោទប្រកាន់ថា ជាអំពើឈ្លានពានរដ្ឋអធិបតេយ្យបរទេស។
ដើម្បីអនុវត្តនយោបាយនេះ អាមេរិកត្រូវចាប់ផ្តើមជាមួយការបញ្ចូលភ្នាក់ងាររបស់ខ្លួន គឺអង្គការសង្គមស៊ីវិលដែលផ្តល់លុយដោយអាមេរិក ដើម្បីធ្វើសកម្មភាពដោយលាក់មុខប្រឆាំងរបបដឹកនាំនៃរដ្ឋនោះ ក្រោមលេសប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ពិសេសតាមរយៈសកម្មភាពញុះញង់ បន្តិចម្តងៗឱ្យប្រជាជននៃរដ្ឋនោះចេះ និងក្លាហាន ដើម្បីងើបឡើងតស៊ូប្រឆាំងដោយផ្ទាល់នឹងរបបដឹកនាំនោះ ដែលគេនាំគ្នាហៅថា «បដិវត្តពណ៌»

យុទ្ធសាស្រ្តនេះត្រូវបានអនុវត្តប្រកបដោយជោគជ័យជាច្រើនកន្លែង របបដឹកនាំនៃរដ្ឋមួយចំនួនត្រូវបានផ្តួលរំលំជាបន្តបន្ទាប់ និងជំនួសដោយរបបដឹកនាំ ដែលចំណុះឱ្យអាមេរិក ជាពិសេស បណ្តារដ្ឋដែលជាអតីតសហភាពសូវៀត ហើយចុងក្រោយបំផុត គឺនៅ រដ្ឋអ៊ុយក្រែន។ យុទ្ធសាស្រ្តនេះ បានបន្តអនុវត្តរីករាលដាលនៅក្នុងបណ្តាប្រទេសមួយចំនួនក្នុងពិភពអារ៉ាប់ ហៅថា អារ៉ាប់ស្ព្រីង ដូចជា ប្រទេសទុយនេស៊ី ប្រទេសលីប៊ី ប្រទេសអេហ្ស៊ីប និងចុងក្រោយ គឺប្រទេសស៊ីរី។ ប៉ុន្តែបដិវត្តនៅពិភពអារ៉ាប់នេះ បានធ្វើឱ្យយុទ្ធសាស្រ្តរបស់អាមេរិកជួបនូវបរាជ័យយ៉ាងជូរចត់ បង្កឱ្យមានការភ័យខ្លាចនៅក្នុងពិភពលោក ពិសេសគឺសង្រ្គាមស៊ីវិល និងវិនាសកម្មដ៏ខ្លោចផ្សារបំផុតដែលបង្កឡើងក្រោយការដួលរលំនៃរបបដឹកនាំចាស់ពីមុន។

២៖ អ្នកណាដែលមិនរណបនឹងមហាអំណាចលើលោកនេះ អាមេរិកត្រូវតែរកមធ្យោបាយបំផ្លាញ បើមិនដាក់ទណ្ឌកម្មក៏កម្ទេចដែរ! គេនៅចាំបានថា អាមេរិកធ្លាប់លើកទ័ពឈ្លានពាន ប្រទេសអ៊ីរ៉ាក់! ដើម្បីឈ្លានពានប្រទេសអ៊ីរ៉ាក់ អាមេរិកប្រកាសប្រាប់ពិភពលោកថា អ៊ីរ៉ាក់ផលិតអាវុធគីមីប្រល័យលោក! ពេលវៃចូលកម្ទេចរបបដឹកនាំ អ៊ីរ៉ាក់បានហើយ អាមេរិកប្រកាសថា រកអាវុធគីមីប្រល័យលោកមិនទាន់ឃើញទេ ដោយអះអាងថា អ៊ីរ៉ាក់យកអាវុធគីមីនោះទៅលាក់ទុក ! ប៉ុន្តែទីបំផុត ទើបទទួលស្គាល់ថា អ៊ីរ៉ាក់អត់មានផលិតអាវុធគីមីប្រល័យលោកនោះទេ ! អង់គ្លេសក៏ទទួលស្គាល់រឿងនេះថា ចាញ់បោកអាមេរិក និងថានេះ គឺជាកំហុសដ៏ធ្ងន់មួយ! ប៉ុន្តែទីបំផុត មកដល់ម៉ោងនេះ អ៊ីរ៉ាក់ ដែលធ្លាប់មានសន្តិភាព បានដាំក្បាលចូលក្នុងវិនាសកម្មនៃសង្រ្គាមស៊ីវិល និងអំពើភេរវកម្មស្ទើរតែរៀងរាល់ថ្ងៃ មិនដឹងថ្ងៃណាអាចស្តារប្រទេសជាតិបានដូចកាល របបដឹកនាំមុននៅឡើយ។

បើតាមច្បាប់អន្តរជាតិ ការលើកទ័ពចូលអ៊ីរ៉ាក់ គឺជាការឈ្លានពានរដ្ឋអធិបតេយ្យ ព្រោះគ្មានការយល់ព្រមពីអង្គការសហប្រជាជាតិឡើយ។ ខុសច្បាប់អន្តរជាតិក៏ដោយ តើនរណាហ៊ានដាក់ទណ្ឌកម្មអាមេរិក!? ព្រោះអាមេរិកនៅពីលើច្បាប់! ផលវិបាកចេញពីសង្រ្គាមនៅអ៊ីរ៉ាក់ បូកនឹង ផលវិបាកនៃការធ្វើបដិវត្តពណ៌នៅក្នុងពិភពអារ៉ាប់ ធ្វើឱ្យកើតមានអង្គការរដ្ឋអ៊ីស្លាម (ISIS) ដែលជាអង្គការភេរវនិយមដ៏សាហាវជាងគេក្នុងពិភពលោក ហើយគ្រប់គ្នាបានចោទប្រកាន់ថា អង្គការនេះគឺត្រូវបានបង្កើតឡើង និងផ្គត់ផ្គង់អាវុធដោយអាមេរិកផងដែរ។ គួរកត់សម្គាល់ថា អាមេរិក អះអាងថា ជាប្រទេសគោរពច្បាប់ ប៉ុន្តែអាមេរិកប្រើច្បាប់អន្តរជាតិតែក្នុងប្រយោជន៍របស់ខ្លួនប៉ុណ្ណោះ ហើយសូម្បីតែតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ក៏អាមេរិកមិនហ៊ានចូលជាសមាជិកផងដែរ។ តើមូលហេតុអ្វី ? គឺដោយខ្លាចតុលាការនេះ កាត់ទោសអាមេរិកមុនគេ ព្រោះអាមេរិករំលោភច្បាប់ច្រើនជាងគេ សម្លាប់មនុស្សច្រើនជាងគេ!

៣៖ អាមេរិកជាប្រទេសបិតាប្រជាធិបតេយ្យ និងមាតាសិទ្ធិមនុស្ស! ប៉ុន្តែក៏ជាប្រទេសរំលោភសិទ្ធិមនុស្សជាងគេដែរ ឧទាហរណ៍ការប្រកាន់ពូជសាសន៍ ពិសេស រវាងជនជាតិស្បែកខ្មៅ និងជនជាតិស្បែកស។ ប៉ូលិសស្បែកសអាមេរិកបាញ់សម្លាប់ជនជាតិស្បែកខ្មៅច្រើនណាស់។ នៅក្រៅប្រទេសអាមេរិកនៅ សម្លាប់មនុស្សជាច្រើនណាស់ ពិសេសតាមរយៈការធ្វើសង្រ្គាមដែលនេះ ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរបំផុត។ បន្ថែមពីនេះអាមេរិកបានបង្កើតគុក នៅក្រៅប្រទេសគឺ គុកយោធា ហ្គាន់តាន់ណាម៉ូ (Guantanamo Prison) ដែលជាកន្លែងធ្វើទារុណកម្មអ្នកទោសដ៏ព្រៃផ្សៃអមនុស្សធម៌ ដូចគុកទួលស្លែង នៅកម្ពុជាដែរ។ កម្ពុជាក៏ជាជនរងគ្រោះម្នាក់របស់អាមេរិកផងដែរ។ ការទម្លាក់គ្រាប់បែកជិត៣លានតោនរបស់អាមេរិកនៅកម្ពុជា ព្រមទាំងការចាប់ផ្តើម សង្រ្គាមវិនាសកម្ម ដែលបានបំផ្លាញប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៧០ និងបានបំផ្លាញជីវិតប្រជាជនខ្មែររាប់លាននាក់ ក៏ជាស្នាដៃរបស់អាមេរិកផងដែរ។ ប៉ុន្តែអង្គការសិទ្ធិមនុស្សដែលទទួលលុយពីអាមេរិក ពិសេសនៅក្នុងប្រទេសកម្ពុជា មិនដែលហ៊ានរិះគន់ ឬចេញសេចក្តីថ្លែងការណ៍ថ្កោលទោស អាមេរិកម្តងណាឡើយ។

បើអាមេរិកស្រឡាញ់ប្រទេសកម្ពុជា និងជាបិតាប្រជាធិបតេយ្យគោរពសិទ្ធិមនុស្ស មិនមែនអាមេរិកដែលបងធំពិភពលោក មកទម្លាក់គ្រាប់បែក និងគ្រាប់បែកគីមីសម្លាប់ពលរដ្ឋស្លូតត្រង់កម្ពុជាស្លាប់ជាង៥០ម៉ឺននាក់នោះទេ គួរណាស់អាមេរិកដែលជាប្រទេសពោរពេញដោយការគោរពសិទ្ធិមនុស្ស ត្រូវក្លាហានចេញមុខ ទទួលខុសត្រូវចំពោះប្រវត្តិសាស្រ្តរបស់ខ្លួន ដែលបានបំផ្លិចបំផ្លាញកម្ពុជាស្ទើរខ្ទេចខ្ទីពេញផ្ទៃប្រទេស។

៤៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០១៧ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តលើសេចក្តីស្នើច្បាប់វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ។ នៅថ្ងៃដដែលនេះ សហរដ្ឋអាមេរិក តាមរយៈស្ថានទូតរបស់ខ្លួននៅរាជធានីភ្នំពេញរួមនឹងអង្គការមួយចំនួន ក៏បានចេញសេចក្តីថ្លែងការណ៍បង្ហាញក្តីព្រួយបារម្ភ ចំពោះវិសោធនកម្មច្បាប់នេះ ដោយបានលើកឡើងថា ច្បាប់នេះបានផ្តល់អំណាចយ៉ាងធំដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដាក់កំហិតដល់សេរីភាពក្នុង ការបញ្ចេញមតិ និងសកម្មភាពស្របច្បាប់នានារបស់គណបក្សនយោបាយ ហើយនៅក្រោមកាលៈទេសៈកំណត់មិនច្បាស់លាស់ណាមួយ គឺរំលាយគណបក្សនយោបាយតែម្តង។ ជាមួយគ្នានេះសហរដ្ឋអាមេរិកក៏បានអំពាវនាវឱ្យរាជរដ្ឋាភិបាលកម្ពុជា ប្រកាន់យកនូវជំហរចាំបាច់នានាដើម្បីធានាថា យុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោតក្នុងឆ្នាំ ២០១៧ និង ២០១៨ ខាងមុខ មានលក្ខណៈសេរី បើកចំហរ និងមានតម្លាភាព ហើយគ្រប់គណបក្ស នយោបាយទាំងអស់មានឱកាស ក្នុងការចូលរួប្រកួតប្រជែងដោយស្មើភាពគ្នា។

មានបងប្អូនខ្មែរយើងខ្លះបានសំដែងនូវការភ្ញាក់ផ្អើល និងបានលើកជាសំណួរថា ហេតុអ្វីបានជាអាមេរិកសម្តែងការព្រួយបារម្ភដូច្នេះ ហើយចុះម៉េចមិនប្រមូលគ្នា ទៅដោះស្រាយឱ្យមានតម្លាភាពរឿងការចោទប្រកាន់ការលួចបន្លំសន្លឹកឆ្នោត នាពេលបោះឆ្នោតប្រធានាធិបតីអាមេរិកនាពេលកន្លងទៅថ្មីៗនេះ? តើច្បាប់ស្តីពីវិសោធនកម្មនេះ ពិតជាអាក្រក់ដូចការលើកឡើងរបស់អាមេរិកមែនដែរ ឬទេ?

នៅពេលពិនិត្យច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលរដ្ឋសភាកម្ពុជាទើបបានអនុម័តនេះ គឺឃើញថា ច្បាប់នោះ ដូចមិនមានអីខុសទាស់ទេ ពិសេស បើប្រៀបធៀបជាមួយប្រទេសនានា ដូចជា សហរដ្ឋអាមេរិក នៅអឺរ៉ុប នៅជប៉ុន ឬនៅប្រទេសជិតខាងយើង ដូចជាប្រទេសថៃ ឬប្រទេសសឹង្ហបុរី ជាដើម។ ច្បាប់ថ្មីនេះនឹងជួយពង្រឹងការគោរពច្បាប់ក្នុងសង្គមនីតិរដ្ឋ និងពង្រឹងអធិបតេយ្យជាតិ។

គណបក្សនយោបាយទាំងអស់ ដែលមិនគោរពច្បាប់ត្រូវទទួលខុសត្រូវតាមច្បាប់។ ច្បាប់នេះធ្វើឡើង សម្រាប់គណបក្សនយោបាយទាំងអស់នៅកម្ពុជា។ ដូច្នេះ ច្បាប់នេះ មិនសំដៅរកតែគណបក្សសង្គ្រោះជាតិនោះទេ កុំឱ្យតែគណបក្សប្រឆាំងនេះប្រព្រឹត្តខុសច្បាប់។ ម្យ៉ាងទៀត បើយោងតាមច្បាប់ថ្មីនេះ គណបក្សប្រឆាំង ក៏អាចនឹងរលាយតាមការលើកឡើងក្នុងសេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកមែន ប្រសិនបើអាមេរិកនៅតែបន្តផ្តល់លុយដោយប្រយោលឱ្យគណបក្សនេះ ដើម្បីលូកដៃត្រួតត្រាបញ្ជាក្នុងបំណងបម្រើផលប្រយោជន៍នយោបាយរបស់ខ្លួនដែលនេះ គឺផ្ទុយនឹងគោលការណ៍អធិបតេយ្យភាព ដែលមានចែងនៅក្នុង ច្បាប់ថ្មីនោះ។ មាត្រា២៩ ថ្មីនៃច្បាប់វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ចែងថា «គណបក្សនយោបាយត្រូវបានហាមឃាត់មិនឱ្យទទួលវិភាគទាន ទោះតាមរូបភាពណាក៏ដោយពីស្ថាប័នបរទេស ក្រុមហ៊ុនបរទេស ឬអង្គការដែលមានប្រភពហិរញ្ញប្បទានពីបរទេស»។

ការចែងដូចនេះ ប្រហែលមិនមែនជារឿងចម្លែកនោះទេ បើគណបក្សនយោបាយនៅអាមេរិកទទួលលុយពីបរទេស ក៏អាមេរិកមិនអនុញ្ញាតដែរ សូម្បីចុងក្រោយនេះ អាមេរិកថែមទាំងបានចោទប្រកាន់រុស្ស៊ីថា បានលូកដៃទៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ដើម្បីជួយឱ្យលោក Donald Trump បានឈ្នះឡើងធ្វើជា ប្រធានាធិបតីអាមេរិក ព្រមទាំងបើកការស៊ើបអង្កេតផង ចុះអាមេរិកម៉េចមិនថា នេះការរិតត្បិតសកម្មភាពនយោបាយផងដែរទៅ។ ចុះបើអាមេរិក ដើរលូកដៃចូលទៅក្នុងការបោះឆ្នោតនៅក្នុងរដ្ឋធិបតេយ្យនានារបស់គេ តើជាការត្រឹមត្រូវដែរ ឬទេ? នៅកម្ពុជា នរណាដែលមិនដឹងថា អាមេរិកលូកដៃនៅក្នុង កិច្ចការនយោបាយរបស់កម្ពុជា ? តើអាមេរិកពិតជាស្រឡាញ់កម្ពុជាមែន ឬអាមេរិកគ្រាន់ តែចង់លូកដៃដើម្បីជួយគណបក្សប្រឆាំង ដែលខ្លួនជួយជ្រោមជ្រែង ក្នុងការបង្កើត និងដែលស្តាប់បញ្ជាខ្លួន ដោយខ្លាចគណបក្សកូនជឹងរបស់ខ្លួនមួយនេះត្រូវបានរំលាយ?

ដូចនេះវាគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលឡើយ ដែលស្ថានទូតអាមេរិក និងស្ថានទូតមួយចំនួននៅកម្ពុជា រួមនឹងអង្គការនិងស្ថាប័នមួយចំនួន ដែលមាននិន្នាការគាំទ្រគណបក្សប្រឆាំងនៅកម្ពុជា ចេញសេចក្តីថ្លែងការណ៍បង្ហាញក្តីព្រួយបារម្ភចំពោះស្ថានការណ៍នានាដែលពួកគេយល់ថា អាចធ្វើឱ្យប៉ះពាល់ដល់សម្ព័ន្ធមិត្ត ឬកូនជឹងរបស់ខ្លួន។

កម្ពុជាមិនមែនសហរដ្ឋអាមេរិក! អាមេរិកអាចគ្រាន់តែជាឪរបស់គណបក្សប្រឆាំង និងអង្គការមិនមែនរដ្ឋាភិបាលដែលទទួលលុយពីខ្លួន ប៉ុន្តែអាមេរិកមិនមែន ជាឪរបស់កម្ពុជាឡើយ! ហើយដើម្បីកុំឱ្យគណបក្សកូនជឹងរបស់ខ្លួនប្រឈមនឹងការរំលាយតាមច្បាប់ថ្មី អាមេរិកគួរប្រាប់គណបក្សមួយនេះឱ្យចេះគោរពច្បាប់ ឱ្យបានត្រឹមត្រូវដូចគណបក្សផ្សេងៗទៀត និងត្រូវចេះរស់ដោយឥស្សរភាព ហើយទន្ទឹមនេះអាមេរិក ក៏គួរឈប់លូកដៃដើម្បីជួយគណបក្ស ប្រឆាំងតទៅទៀត! តើអាមេរិកដែលកំពុងតែលូកដៃកកូរកកាយក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យមួយនេះជាការអនុវត្តបន្តនូវគោលនយោបាយអាមេរិក ចាស់ក្នុងការផ្លាស់ប្តូររបបមេដឹកនាំរដ្ឋជាការផ្គើន នឹងនយោបាយថ្មីរបស់ប្រធានាធិបតីទី៤៥ របស់អាមេរិក លោក ដូណាល់ ត្រាំដែរឬទេ? ខណៈដែលលោក ដូណាល់ ត្រាំ បានប្រកាសថា ក្រោមការដឹកនាំរបស់គាត់ អាមេរិក នឹងមិនប្រើប្រាស់នយោបាយប្តូរមេដឹកនាំបរទេសទៀតឡើយ។

កម្ពុជាក៏ត្រូវការឱ្យមានគោរពគ្នាទៅវិញទៅមកក្នុងឋានៈជារដ្ឋអធិបតេយ្យស្មើភាព និងស្មើសិទ្ធិផងដែរ។ ប៉ុន្តែបើអាមេរិកពិតជាស្រឡាញ់កម្ពុជាមែន គួរណាស់តែអាមេរិកសម្តែងការទទួលខុសត្រូវ ដោយសុំទោសប្រជាជនកម្ពុជាចំពោះកំហុសនៃការចូលរួមបង្ករវិនាសកម្ម ដោយសង្រ្គាមនៅកម្ពុជា និងលុបចោលបំណុលកខ្វក់ ដែលជាប់ជំពាក់នឹងទិញគ្រាប់បែករាប់លានមកទម្លាក់កម្ទេចប្រទេសកម្ពុជាបន្សល់ទុកផលវិបាករហូតមកដល់សព្វថ្ងៃ។

ដោយ៖ ចៅចាក់ស្មុក

ស្ថានទូតអាមេរិកប្រចាំនៅក្រុងភ្នំពេញ