(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ បានជួបសំណេះសំណាល ជាមួយ អាជ្ញាធរសង្កាត់-ភូមិ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្រោយពីបានស្តាប់របាយការណ៍ របស់អាជ្ញាធរសង្កាត់-ភូមិ រួចមក សម្តេច សាយ ឈុំ បានអបអរសាទរ ចំពោះរាល់លទ្ធផលការងារ ដែលបងប្អូនបានខិតខំសម្រេចបានកន្លងមក។
សម្តេច សាយ ឈុំ បានលើកទឹកចិត្តដល់អាជ្ញាធរសង្កាត់-ភូមិ សូមបន្តខិតខំសម្របសម្រួលដោះស្រាយរាល់សំណូមពរ និងបញ្ហាទុក្ខលំបាកនានារបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានឲ្យកាន់តែល្អ និងឆាប់រហ័ស ដែលជាការរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយកាត់បន្ថយទុក្ខលំបាក និងភាពក្រីក្ររបស់ប្រជាពលរដ្ឋយើង និងរួមសាមគ្គីគ្នា កាន់តែជិតស្និទ្ធ រក្សាសុខសន្តិភាព វឌ្ឍនភាព របស់មូលដ្ឋានសង្កាត់យើងរបស់សង្គមជាតិ ប្រទេសជាតិយើង ឲ្យកាន់តែ រីកចម្រើន និងកាន់តែមានស្ថេរភាពយូរអង្វែងតទៅ។
ក្នុងឱកាសនោះ សម្តេចប្រធានព្រឹទ្ធសភា ក៏បានជម្រាបជូនក្រសួងជំនាញឲ្យចុះមកពិនិត្យ បំភ្លឺនិងដោះស្រាយបញ្ហាមួយចំនួន ដែលមូលដ្ឋានសង្កាត់ និងភូមិកំពុងជួបប្រទះ និងបានដោះស្រាយឧបត្ថម្ភ ម៉ាស៊ីនហ្វូតូកូពីខ្នាតមធ្យម១គ្រឿង សម្រាប់បម្រើការងារ នៅសាលាសង្កាត់ផងដែរ៕