(ភ្នំពេញ)៖ គណៈគ្រប់គ្រង នៃសាលាហ៊្វូតព្រីនអន្តរជាតិ បានដឹកនាំសិស្សានុសិស្សចំនួន២៥នាក់ ទៅកាន់ប្រទេសសិង្ហបុរី ដើម្បីចូលរួមប្រកួតប្រជែង ក្នុងកម្មវិធីយុវជន និងបរិស្ថាន២០១៧ ដែលរៀបចំឡើងដោយយុវទូតសិង្ហបុរី និងមានការគាំទ្រពីក្រសួងអប់រំ នៃប្រទេសសិង្ហបុរី ។
កម្មវិធីនេះ មានគោលបំណងបណ្តុះគំនិតយុវជនឲ្យចេះស្រលាញ់ និងការពារបរិស្ថាន។ កម្មវិធីយុវជន និងបរិស្ថាន ឆ្នាំ២០១៧នេះ បានប្រព្រឹត្តទៅអស់រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយមានការចូលរួមពីសិស្សានុសិស្សចំនួន១៨១នាក់ មកពី១៣សាលា និង៩ប្រទេសខុសៗគ្នា ដូចជា ប្រទសកម្ពុជា វៀតណាម ម៉ាឡេស៊ី ព្រុយណេ សិង្ហបុរី ឡាវ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី និងហ្វីលីពីន។
សិស្សានុសិស្សទាំងអស់ដែលចូលរួមក្នុងកម្មវិធីនេះ ត្រូវបានបែងចែកជាពីរក្រុម គឺក្រុមកុមារដែលមានអាយុចាប់ពី៩ឆ្នាំ ដល់១១ឆ្នាំ និងក្រុមយុវជនដែលមានអាយុចាប់ពី១២ឆ្នាំ ដល់១៨ឆ្នាំ។ ក្រុមទាំងពីរនេះតម្រូវឲ្យបង្កើតនូវគម្រោងការពារបរិស្ថានមួយ ហើយធ្វើបទបង្ហាញអំពីគម្រោងនោះ ដើម្បីប្រកួតប្រជែងគ្នាដណ្តើមមេដាយ។
ជាលទ្ធផល ក្រុមយុវជននៃសាលាហ៊្វូតព្រីនអន្តរជាតិ ទទួលបានជ័យលាភីលេខមួយ ពានរង្វាន់មេដាយមាស រីឯក្រុមកុមារ នៃសាលាហ៊្វូតព្រីនអន្តរជាតិ ទទួលបានជ័យលាភីលេខ២ ពានរង្វាន់មេដាយប្រាក់ ព្រមទាំងទទួលបានការកោតសរសើរ មិនដាច់ពីមាត់ពីគណៈកម្មការដែលជាស្ថាបនិករបស់ក្រុមហ៊ុនធំៗ នៅក្នុងប្រទេសសិង្ហបុរី។
គួរបញ្ជាក់ថា ក្រុមប្អូនៗ បានវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញនាល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយសុវត្ថិភាព និងនាំមកនូវមោទនភាពដ៏ធំ ជូនសាលាហ៊្វូតព្រីនអន្តរជាតិ ក៏ដូចជា ប្រទេសកម្ពុជាទាំងមូលផងដែរ៕