(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌឬស្សីកែវ នឹងត្រៀមជូនដំណឹងជូនដល់អ្នករកស៊ីទាំងអស់ ត្រូវបញ្ឈប់ការយកចិញ្ចើមផ្លូវជាកន្លែករកស៊ី លក់ដូរ និងការផ្សាយពាណិជ្ជកម្មតទទៀត ចាប់ពីចុងខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខនេះ តែបើនៅមិនស្តាប់ និងធ្វើតាមការណែនាំនោះ អាជ្ញាធរនឹងចាត់វិធានការក្តៅ រហូតកាត់ចោលផ្ទាំងប៉ាន់ណូ ផ្សាយពាណិជ្ជកម្ម ក៏ដូចជាដកហូតសម្ភារតែម្តង។
លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវ បានចេញមកប្រកាសត្រៀមចេញសេចក្ដីជូនដំណឹង ដល់ប្រជាពលរដ្ឋ និងអ្នករកស៊ី ក្នុងមូលដ្ឋាន ដើម្បីពង្រឹង និងជំរុញឲ្យមន្ត្រីក្រោមឱវាទដែលពាក់ព័ន្ធ ធ្វើយ៉ាងណា ត្រូវជួយសហការ ទប់ស្កាត់ បញ្ជៀសឲ្យបាន លើវិធានការ សណ្ដាប់ធ្នាប់សាធារណៈ ក្នុងការរក្សាបាននូវរបៀបរៀបរយ នៅតាមចិញ្ចើមដងផ្លូវ សួនច្បារ ទីកន្លែងសាធារណៈរបស់រដ្ឋ ដើម្បីលើកកម្ពស់បរិស្ថាន និងសោភ័ណ្ឌភាពទីក្រុង។
ការចេញមកប្រកាសយ៉ាងដូច្នេះ បានធ្វើឡើង ខណៈអភិបាលរងខណ្ឌឫស្សីកែវ បានបើកកិច្ចប្រជុំមួយ ស្ដីពីវិធានការសណ្ដាប់ធ្នាប់សាធារណៈ ជាមួយមន្ត្រីចំណុះជំនាញជុំវិញខណ្ឌ ដែលពាក់ព័ន្ធរួមមាន៖ នាយការិយាល័យបរិស្ថានខណ្ឌ នាយការិយាល័យភូមិបាលខណ្ឌ នាយការិយាល័យសា ធារណៈការខណ្ឌ អធិការរងខណ្ឌ មេបញ្ជាការរងអាវុធហត្ថខណ្ឌ អាជ្ញាធរសង្កាត់ ព្រមទាំងនាយនគរបាលប៉ុស្ដិ៍ផងដែរ ក្នុងសាលប្រជុំ សាលាខណ្ឌឫស្សីកែវ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដើម្បីពង្រឹងបន្ថែមឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ទៅលើការអនុវត្តន៍ផែនការ តាមសារាចរណែនាំពីសាលារាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំខាងលើនេះ លោក ប្រាជ្ញ សីហា បានថ្លែងដោយសង្កត់ធ្ងន់ថា «ដើម្បីអនុវត្តន៍ឲ្យ បានលើវិធានការសណ្ដាប់ធ្នាប់សាធារណៈ ក្នុងមូលដ្ឋាន នូវជំហានដំបូងត្រូវអនុវត្តន៍៣គោលដៅ ទី១-លើផ្លូវជាតិលេខ៥ គោលដៅទី២-លើផ្លូវ៥៩៨ និងគោលដៅទី៣-នៅផ្សារទំនប់។ ដូចនេះចាំបាច់ ត្រូវចេញសេចក្ដីជូនដំណឹង ទៅដល់ប្រជាពលរដ្ឋឲ្យបានជ្រាបក្នុងរយៈពេល១ អាទិត្យចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខ និងក្រោយចេញសេចក្ដីជូនដំណឹងហើយ ប្រជាពលរដ្ឋនៅតែមិនអនុវត្តន៍ ទៅតាមការណែនាំរបស់អាជ្ញាធរទេនោះ ប្រហែល ជាអាចឈានដល់ការប្រើវិធានការផ្សេងទៀត ដោយចាប់ដក ហូតទាំងសម្ភារ ក៏ដូចជា ការកាត់ស្លាកប៉ាន់ណូផ្សេងៗ ដែលរង ប៉ះពាល់តាមដងផ្លូវសាធារណៈរបស់រដ្ឋ ដោយមិនទទួលខុសត្រូវឡើយ។
លោក ប្រាជ្ញ សីហា បានលើកឡើងថា ការកកស្ទះដោយសារចរាចរណ៍ ការកកស្ទះ ដោយសារប្រព័ន្ធលូ និងការកកស្ទះពីសំរាមនេះឯង គឺមកពីបងប្អូនប្រជាពលរដ្ឋមួយចំនួន បានប្រើប្រាស់ចិញ្ចើមថ្នល់ សួន ច្បារ ទីសាធារណៈ ធ្វើជាកន្លែងលក់ដូរចល័ត ដាក់តាំងលក់ ដូរទំនិញ សម្ភារ គ្រឿងឧបភោគ បរិភោគ មានដូចជា សំរាម បង្កភាពរំខាន ដោយប្រើឧបករណ៍ឧឃ្ឃោនសព្ទ បំពងសម្លេង ផ្សាយពាណិជ្ជកម្ម ភាពរញ៉េរញ៉ៃ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់សណ្ដាប់ធ្នាប់ របៀបរៀបរយនៅតាមចិញ្ចើមផ្លូវ ដង ផ្លូវ សួនច្បារ ទីកន្លែងសាធារណៈ៕