(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកស្រី បានផ្ដល់កិត្តិយស ចូលរួមសម្ពោធភាពយន្ត ដែលជាវណ្ណកម្មទី១របស់ផលិតកម្ម Clip Media មានចំណងជើងថា «ជួយអូនផង!» ដែលជាភាពយន្តបែកកំប្លែងសម័យទំនើប នាល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅរោងភាពយន្ត Major ផ្សារទំនើប អ៊ីអនម៉ល ដោយនៅក្នុងនោះ ក៏មានទាំងបណ្ដាពាណិជ្ជករ និងសិល្បករ-សិល្បការិនី យ៉ាងច្រើនកុះករ។
លោក ពីចិត្រ សិរីឫទ្ធិ ម្ចាស់ផលិតកម្ម Clip Media និងជាផលិតករ បានថ្លែងប្រាប់បណ្ដាសារព័ត៌មានឲ្យដឹងថា រឿង «ជួយអូនផង!» គឺជាភាពយន្តផ្ដល់នូវរសជាតិ បែបថ្មីមួយទៀត ដល់អ្នកទស្សនា ខណៈរឿងនេះ ជារឿងកំប្លែង សើចសប្បាយ និងមានលក្ខណៈខុសប្លែកពីរឿងកំប្លែងដទៃ។ ភាពយន្តខ្នាតធំ រឿង «ជួយអូនផង!» បានចំណាយទុនថត អស់ប្រមាណជាង១០ម៉ឺនដុល្លារ ព្រោះប្រមូលផ្ដុំដោយតារាសម្ដែងល្បីៗ មានទេពកោសល្យខ្ពស់។ ជាក់ស្ដែងដូចជា អ្នកនាង សារាយ សក្ខណា និងអ្នកនាង សុខ សោម៉ាវត្តី ជាដើម ដោយអ្នកទាំងពីរនឹងបានមកប៉ះគ្នា ក្នុងរឿងនេះ បង្កឲ្យផ្ទៃរឿងទាំងមូល មានលក្ខណៈរស់រវើក តាំងពីដើមរហូតដល់ចប់។
ម្ចាស់ផលិតកម្ម ដដែលបានបន្តទៀតថា វណ្ណកម្មលើកទី១របស់ផលិតកម្ម Clip Media បានផលិតឡើងក្នុងគោលបំណង ដើម្បីចូលរួមលើកស្ទួយវិស័យសិល្បៈភាពយន្តខ្មែរ ឲ្យកាន់តែរីកចម្រើនទៅមុខ ទោះបីស្នាដៃនេះ ពេលដាក់បញ្ចាំងរួច ជោគជ័យ ឬមិនជោគជ័យ ក៏លោកសប្បាយរីករាយដែរ ព្រោះជាគោលដៅចំបង របស់ផលិតកម្ម ដែលផលិតរឿងឡើង មិនសំឡឹងមើលឃើញ តែប្រាក់ចំណេញមួយមុខនោះទេ។
ជាការកត់សម្គាល់រាល់ ពេលដែលផលិតកម្មនានា បើកសម្ពោធរឿងថ្មីរបស់ខ្លួន ដាក់បញ្ចាំងតាមបណ្ដារោងភាពយន្តម្ដងៗ តែងតែអញ្ជើញមន្រ្តីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីចូលរួមដឹងឮ ប៉ុន្តែនៅពេលនេះ ផលិតកម្ម Clip Media បានអញ្ជើញរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ឲ្យចូលរួម ធ្វើជាអធិបតីក្នុងថ្ងៃសម្ពោធរឿងរបស់ខ្លួន ធ្វើឲ្យកម្មវិធីទាំងមូល កាន់តែអធិកអធមឡើង។
មិនត្រឹមតែអញ្ជើញចូលរួមជាអធិបតីទេ លោករដ្ឋមន្រ្តីបានអង្គុយទស្សនារឿង «ជួយអូនផង!» តាំងពីដើមរហូតដល់ចប់ ដោយលោកបានធ្វើការកោតសរសើរថា ភាពយន្តនេះ ពិតជាល្អមើល មានភាពទាក់ទាញ និងចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកទស្សនា ខណៈដែលវិស័យសិល្បៈភាពយន្តរបស់ខ្មែរយើង កំពុងតែរីកចម្រើនខ្លាំង គួរឲ្យកត់សម្គាល់។ ផលិតករវ័យក្មេងជាច្រើន បានដុះពន្លកចេញមកជាបន្តបន្ទាប់ ហើយបានផលិតចេញនូវស្នាដៃថ្មីប្លែក បម្រើឲ្យវិស័យសិល្បៈ និងលើកស្ទួយវិស័យសិល្បៈភាពយន្ត ឲ្យកាន់តែរីកចម្រើន។
សូមបញ្ជាក់ថា ផលិតកម្ម Clip Media នឹងបង្កើតសកម្មភាពមនុស្សធម៌មួយ ដោយបានត្រៀមសំបុត្រចំនួន១៧៣ សន្លឹក ដើម្បីចែកជូនដល់ កុមារកំព្រា ឬជនអនាថា ឲ្យបានចូលទស្សនារឿងនេះ ឲ្យឥតគិតថ្លែ ព្រមទាំងមានចែកជូនអាហារ ភេសជ្ជៈ ជូនពួកគាត់ទៀតផង ដែលគម្រោងនេះ នឹងធ្វើឡើងនៅដើមខែ មីនា ខាងមុខ។ រឿង «ជួយអូនផង!» នឹងដាក់បញ្ចាំងតាមបណ្ដា រោងភាពយន្តទំនើបនានា ចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះតទៅ៕