(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្អែកនេះ យុវជនដែលអំពាវនាវធ្វើបដិវត្តពណ៌ឈ្មោះ គង់ រ៉ៃយ៉ា ហៅ Soriya KoKo នឹងត្រូវចេញពីពន្ធនាគាវិញហើយ បន្ទាប់ពីអនុវត្តទោសរួចរាល់។
យុវជនឈ្មោះ គង់ រ៉ៃយ៉ា ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួន ដាក់ពន្ធនាគារព្រៃស កាលពីថ្ងៃទី២២ ខែសីហាឆ្នាំ២០១៥ ក្រោមការចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍។ រូបគេត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ១៨ខែ។
មូលហេតុដែលសមត្ថកិច្ចឃាត់ខ្លួន ហើយឈានទៅដល់ការកាត់ទោសនេះ ដោយសារតែយុវជន គង់ រ៉ៃយ៉ា បានអំពាវនាវលើបណ្តាញសង្គម កាលពីដើមខែសីហា ឆ្នាំ២០១៥ ឱ្យប្រជាពលរដ្ឋខ្មែរធ្វើបដិវត្តពណ៌។
យុវជន គង់ រ៉ៃយ៉ា អាយុ២៦ឆ្នាំ មានរហស្សនាមនៅក្នុងហ្វេសប៊ុក Soriya Koko បានសរសេរលើបណ្ដាញទំនាក់ទំនងសង្គម facebook យ៉ាងដូច្នេះថា៖ «តើមានអ្នកណាហ៊ានធ្វើបដិវត្តពណ៌ជាមួយខ្ញុំទេ? ថ្ងៃណាមួយនៅពេលខាងមុខនេះ ខ្ញុំនឹងធ្វើបដិវត្តពណ៌ដើម្បីផ្លាស់ប្តូររបបមួយនេះចេញពីសង្គមខ្មែរ ទោះបីជាត្រូវជាប់គុក ឬស្លាប់ ក៏ដោយ ក៏ខ្ញុំត្រូវតែធ្វើដែរ»៕