(ភ្នំពេញ)៖ ក្រោយចុះអនុស្សរណៈជាមួយគ្នា នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ រួចទៅ រដ្ឋបាលក្រុងប៉េហៃ នៃសាធារណរដ្ឋ ប្រជាមានិតចិន បានសន្យាថា ខ្លួនត្រៀមចាំផ្ដល់ការបណ្ដុះបណ្ដាល ដល់កម្មករជំនាញ និងសិស្សនិស្សិត ដែលបញ្ជូនពីកម្ពុជា លើជំនាញបច្ចេកទេសវិជ្ជាជីវៈ បច្ចេកវិទ្យាអេឡិចត្រូនិច ព័ត៌មានវិទ្យា និងជំនាញវិជ្ជាជីវៈមួយចំនួនទៀត។
គោលបំណងនៃការផ្ដល់ការបណ្ដុះបណ្ដាលនេះ គឺដើម្បីបង្វឹកសិក្ខាកាមទាំងនោះ ឲ្យមានជំនាញវិជ្ជាជីវៈច្បាស់លាស់នឹងបានមកជួយ បម្រើការងារ ក្នុងរោងចក្រដែលចិនបានបង្កើតនៅកម្ពុជា ក៏ដូចជាដើម្បីជួយបម្រើការ និងបណ្ដុះបណ្ដាលកម្លាំងពលកម្មនៅកម្ពុជា បន្តទៀត។
ការចុះអនុស្សរណៈនេះ ធ្វើឡើងក្រោមអធិបតី លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Chen Wei អភិបាលរងក្រុងប៉េហៃ នៃតំបន់ស្វយ័តគងស៊ីចាង ប្រទេសចិន ដែលបានប្រព្រឹត្តទៅក្រោយបញ្ចប់ជំនួប ពិភាក្សាការងារមួយ នៅទីស្ដីការក្រសួងការងារ។
ក្នុងជំនួបនោះ គណៈប្រតិភូចិន បានបញ្ជាក់ពីបំណងចង់ស្វែងយល់បន្ថែម លើគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ដែលក្រសួងការងារកម្ពុជា បាន និងកំពុងអនុវត្តន៍ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ក៏ដូចជា ការគាំទ្រទៅដល់គោលនយោយបាយ អភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥-២០២៥ និងគោលនយោបាយ ជាតិស្តីពីមុខរបរ និងការងារ ២០១៥-២០២៥។
ជាមួយគ្នានេះ ភាគីចិនក៏បានពិភាក្សា អំពីលទ្ធភាពនៃកិច្ចប្រតិបត្តិការលើផ្នែកអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈជាពិសេស វិស័យអេឡិចត្រូនិច និងព័ត៌មានវិទ្យា ហើយចិនក៏បានលើកឡើងពី គោលនយោបាយរបស់ប្រទេសចិន ពាក់ព័ន្ធនឹងការផ្តួចផ្តើមខ្សែ ក្រវ៉ាត់មួយវិថីមួយ និងសេចក្តីប្រកាសរបស់ក្រុមប្រឹក្សារដ្ឋ ដែលចែងអំពីទស្សនៈ ស្តីពីការចាប់ផ្តើមការអប់រំ ក្នុងយុគសម័យថ្មីដែលចិន កំពុងជំរុញការកសាងសកម្មភាពអប់រំ និងបណ្តុះបណ្តាល ការហ្វឹកហាត់ទេពកោសល្យ ដើម្បីឱ្យត្រូវនឹងតម្រូវការ នៃការអភិវឌ្ឍរបស់ បណ្តាប្រទេស ដែលប្រកាន់គោលនយោបាយ ខ្សែក្រវ៉ាត់មួយវិថីមួយ។
ក្រោយជំនួបពិភាក្សាការងារ ភាគីទាំងពីរបានឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈ ជាមួយគ្នា ស្ដីពីកិច្ចសហប្រតិបត្តិការ ផែ្នកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់រយៈពេល៥ឆ្នាំ រវាងក្រសួងការងារ និងរដ្ឋបាលក្រុងប៉េហៃ។
លោករដ្ឋមន្រ្តី អ៊ិត សំហេង បានបញ្ជាក់ថា អនុស្សរណៈនេះ ផ្ដោតទៅលើខ្លឹមសារសំខាន់ៗ ចំនួន៤ចំណុច រួមមាន៖ ១.ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងការអប់រំផ្នែកបច្ចេកវិទ្យាអេឡិចត្រូនិច និងព័ត៌មានវិទ្យា។
២.ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ លើការអប់រំ ដែលមានការសហការគ្នា រវាងគ្រឹះស្ថានសិក្សា និងសហគ្រាស (កម្មវិធីកម្មសិក្សា) ដើម្បីបង្កើនសមត្ថភាពអនុវត្តជាក់ស្តែង និងពង្រឹងការប្រកួតប្រជែងការងាររបស់សិស្សនិស្សិត។
៣.ការបង្កើតឲ្យមានកម្មវិធីផ្លាស់ប្ដូរគ្រូ និងសិស្សនិស្សិត ដើម្បីសម្រេចបាននូវកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅ។
៤.ការបង្កើត «មជ្ឈមណ្ឌលបម្រើសេវាកម្ម» ការទទួលស្គាល់ស្របច្បាប់ លើវិស័យបច្ចេកវិទ្យា ទូរគមនាគមន៍ និងអេឡិចត្រូនិច នៅប្រទេសកម្ពុជា។
លោករដ្ឋមន្រ្តីបានបន្តថា «កន្លងមក រដ្ឋបាលក្រុងប៉េហៃ បានមកបណ្ដាក់ទុនវិនិយោគ បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅខេត្តតាកែវ និងខេត្តកែប និងធ្លាប់បានទទួលបណ្ដុះបណ្ដាលកម្មករជំនាញកម្ពុជា ចំនួន៣០នាក់ រួចហើយដែរ»។
សូមជម្រាបថា គោលនយោបាយអភិវឌ្ឍន៍របស់ រាជរដ្ឋាភិបាលកម្ពុជា គឺផ្ដោតលើវិស័យអាទិភាព ចំនួន៤ រួមមាន ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ ទឹក និងអគ្គិសនី ហើយកម្ពុជាក៏មានគោលនយោបាយ លើកទឹកចិត្តឲ្យមានការវិនិយោគ លើវិស័យទាំងនេះ បន្ថែមទៀតផងដែរ នេះបើតាមប្រសាសន៍របស់ លោករដ្ឋមន្រ្តី អ៉ិត សំហេង ដែលបានថ្លែងទៅកាន់ប្រតិភូចិន។
លោករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា «កម្ពុជា ពិតជាចង់ឲ្យអ្នកវិនិយោគចិន ពង្រីកការទិញទំនិញ និងផលិតផលនានាពីកម្ពុជាបន្ថែមទៀត និងជំរុញឲ្យភ្ញៀវទេសចរចិនមកទស្សនាកម្ពុជា កាន់តែច្រើនទៀតផងដែរ»៕