(ឧត្តរមានជ័យ)៖ មន្រ្តីយោធា២នាក់ នៅកងពលតូចអន្តរាគមន៍លេខ៥ បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនខ្លួនឯង (ដួលម៉ូតូ) បណ្តាលឲ្យស្លាប់ទាំង២នាក់តែម្តង ស្ថិតនៅចំណុចផ្លូវជាតិលេខ៥៦ (ចន្លោះបង្គោលគីឡូម៉ែតលេខ១០៧-១០៨) ក្នុងភូមិត្របែក សង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅវេលាម៉ោងរំលងអាធ្រាត្រឈានចូលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះជាមន្ត្រីយោធាទី១-ឈ្មោះ ចាន់ ថូ អាយុ២៧ឆ្នាំ រស់នៅភូមិពោធិ៍ចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ (អ្នកបើកម៉ូតូម៉ាកហុងដាវ៉េវ C-100 ពណ៌ខ្មៅ ពាក់ស្លាកលេខ ឧ.មានជ័យ 1B-6477 គ្មានពាក់មួកសុវត្ថិភាព) និងទី២-ឈ្មោះ ចាន់ សុផល អាយុ២៨ឆ្នាំ រស់នៅភូមិពោធិ៍ចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ (អ្នករួមដំណើរ គ្មានពាក់មួកសុវត្ថិភាព)។
ក្រោយពីទទួលបានពត៌មាន កម្លាំងជំនាញ និងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវរកសាច់ញាតិនៃសព ហើយបានធ្វើកំណត់ហេតុប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕