(ភ្នំពេញ)៖ ក្រុមហ៊ុនKerry Worldbridge Logistics និងក្រុមហ៊ុន InSITE BAVARIA របស់អាល្លឺម៉ង់ បានចាប់ដៃសហការគ្នា ដើម្បីអភិវឌ្ឍន៍វិស័យឧស្សាហកម្មនៅកម្ពុជា ពិសេស តំបន់សេដ្ឋកិច្ចពិសេសថ្មីមួយ ដែលមានទំហំដីដ៏ធំគឺ ឃេរី វើលដ៏ប្រ៊ីជ ឡូជិស្ទីក( Kerry Worldbridge Logistics ) ដែលស្ថិតនៅលើទឹកដី រាធានីភ្នំពេញ ហើយជឿជាក់ថា នឹងទទួលបានការចាប់អារម្មណ៍ខ្ពស់ ពីសំណាក់អ្នកវិនិយោគិន ក្នុងស្រុក និងក្រៅស្រុក កាន់តែច្រើនបន្ថែមទៀត។
លោកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមហ៊ុនប្រឹក្សាភិបាលក្រុមហ៊ុន Worldbridge Group និងជាអគ្គនាយកក្រុមហ៊ុន Kerry Worldbridge Logistics បានថ្លែងថាដើម្បីទាក់ទាញវិនិយោគិន បន្ថែមពីបរទេស និងវិនិយោគិនក្នុងស្រុក ក្រុមហ៊ុនយើងទាំងពីរ បានចុះហត្ថលេខា យោគយល់គ្នានៅទី២០ ខែកុម្ភៈនេះក្នុងការចាប់ដៃគ្នា ដើម្បីអភិវឌ្ឍន៍វិស័យឧស្សាហកម្មនៅកម្ពុជា ក្នុងតំបន់សេដ្ឋកិច្ចពិសេស Kerry Worldbridge មានលក្ខណៈពិសេសខុសពីតំបន់សេដ្ឋកិច្ចពិសេសផ្សេងៗ ហើយកាលណាបើនិយាយពីតំបន់សេដ្ឋកិច្ចពិសេស គឺមានទំហំដីធំៗ តែ Kerry Worldbridge មានទំហំតែជាង៦៣ហិចតាទេ ។
លោកបន្ដថា «យើងចង់ឱ្យអ្វីៗទាំងអស់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់យើង ហើយយើងមិនចង់ឱ្យអ្នកវិនិយោគ ដែលបង្កើតរោងចក្រឬផលិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានភាពខ្វាយខ្វល់ ដូចជាដឹកជញ្ជូន ឬមធ្យោបាយនាំចេញនាំចូលនោះទេ គឺយើងមានជាដំណោះស្រាយជូនពួកគាត់ស្រាប់ ដូចនេះនៅពេលអ្នកវិនិយោគចូលមក ពួកគាត់ដឹងតែពីការផលិតដោយមិនបាច់ខ្វល់រឿងការងារផ្សេងៗនោះទេ» ។
លោកបន្តថា «ការចាប់ដៃជាមួយ ក្រុមហ៊ុន អាល្លឺម៉ង់ InSITE BAVARIA នេះ គឺដើម្បីធ្វើកិច្ចការទាំងឡាយ ដែលសម្រួលដល់អ្នកវិនិយោគ ដែលមកបណ្ដាក់ទុន នៅកម្ពុជា ពិសេសក្នុងតំបន់សេដ្ឋកិច្ច Kerry Worldbridge Logistics ផ្ទាល់តែម្ដង ដូច្នេះ កិច្ចសហការនេះ ជាការគិតគូរពីដំណោះស្រាយទាំងអស់ ចំពោះវិនិយោគិន ដែលចូលមកវិនិយោគ ក្នុងតំបន់សេដ្ឋកិច្ចរបស់យើង ហើយ InSITE BAVARIA គឺធ្វើកិច្ចការ ដែលស្របជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រោះពួកយើងចង់បានការផលិតដែលមានរយៈពេលវែង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់យើង ម្យ៉ាងទៀតការចុះហត្ថលេខាជាមួយ InSITE BAVARIA នេះ ដើម្បីរៀនពីគ្នា និងសហការគ្នានាំអ្នកវិនិយោគចូលមកក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់យើង» ។
លោកDaniel A. Gottschald នាយកគ្រប់គ្រងក្រុមហ៊ុន InSITE BAVARIA បានថ្លែងផងដែរថា «កិច្ចសហការប្រតិបត្តិការជាមួយ ឃើរី វើលដ៏ប្រ៊ីជ អាចជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាខ្លាំងឡើង ដោយផ្ដល់ជូននូវឱកាសអាជីវកម្មថ្មីទាំងសម្រាប់ក្រុមហ៊ុនអាល្លឺម៉ង់ និងក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជាផងដែរ ពិេសស នៅពាសពេញពិភពលោក គម្រោងរបស់យើង បានបង្ហាញឱ្យឃើញថា យុទ្ធសាស្ត្របង្កើតជាក្រុមប្រកបដោយនិរន្តរភាព រួមបញ្ចូលទាំងគម្រោងគ្រប់គ្រងសាកលវិទ្យាល័យ កីឡាករសកលនិងអ្នកផ្ដល់សេវាបច្ចេកវិទ្យាតូច និងមធ្យមបង្កើតឲ្យមានការវិនិយោគដ៏មានឥទ្ធិពលពិតប្រាកដ និងនាំមកនូវការងារ និងជីវភាពរស់នៅសមរម្យ ដល់ប្រជាជន » ។
ទន្ទឹមនឹងនោះ លោកIngo Karsten អគ្គរដ្ឋទូតសាធារណៈរដ្ឋអាល្លឺម៉ង់ប្រចាំកម្ពុជា បានលើកឡើងផងដែរថា វត្តមានម៉ាកសញ្ញាផលិតផលរបស់អាល្លឺម៉ង់ នៅលើទឹកដីប្រទេសកម្ពុជាចាប់ផ្ដើមមានច្រើន នៅក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ តែវិយោគិនអាល្លឺម៉ង់នៅកម្ពុជា នៅមិនទាន់មានច្រើនប៉ុន្មានទេ ដូចនេះការចាប់ដៃរវាងក្រុមហ៊ុនអាល្លឺម៉ង់ និងកម្ពុជានៅពេលនេះរំពឹងថាវិនិយោគិនអាល្លឺម៉ង់ នឹងចាប់ផ្ដើមបណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជាកាន់តែច្រើន ។
លោក Tassilo Brinzer ប្រធានក្រុមពាណិជ្ជកម្មអាល្លឺម៉ង់ ប្រចាំកម្ពុជា បានឱ្យដឹងដែរថា « ជាការពិតណាស់យើងពិតជាមានភាពរីករាយក្នុងការបង្កើតបានកិច្ចព្រមព្រៀង សហប្រតិបត្តិការ យ៉ាងសំខាន់ក្នុងប្រទេសកម្ពុជា។ វាជាលើកដំបូងហើយ ដែលអង្គការអាល្លឺម៉ង់មួយដ៏មានអានុភាព កំពុងពិចារណាចូលរួមក្នុងទីផ្សាររីកចម្រើនយ៉ាងលឿនរបស់កម្ពុជា ហើយវាជាសញ្ញានៃទំនុកចិត្តនៅក្នុងសេដ្ឋកិច្ចកម្ពុជា និងជាការអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់ សម្រាប់សហគមន៍ ពាណិជ្ជកម្មអាល្លឺម៉ង់នៅកម្ពុជាទាំងមូលទៀតផង » ៕