(កំពង់ធំ)៖ អភិបាលរងខេត្តកំពង់ធំ និងជានាយកកម្មវិធីគម្រោងជំរុញផលិតកម្មស្រូវធននិងអាកាសធាតុខេត្ត លោក គង់ វិមាន បានដឹកនាំក្រុមការងារចុះពិនិត្យ ការអភិវឌ្ឍន៍ស្តារប្រឡាយទឹកឈូកខ្សាច់ដែលមានប្រវែង ៩,១០០ ម៉ែត្រ និងទទឹងគិតជា មធ្យម១៨ ម៉ែត្រ និងមានសំណង់សិល្បការចំនួន៤០កន្លែង ដោយប្រើប្រាស់ថវិកា កម្ចីពីធនាគារ អភិវឌ្ឍន៍អាស៊ី(ADB)និងថវិការបស់រដ្ឋាភិបាលកម្ពុជាអស់ ចំនួន១,១៦៦,៥៧៨ ដុល្លារ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
គម្រោងនេះ ជាគម្រោងរបស់រាជរដ្ឋាភិបាលជាមួយគម្រោងខេត្ត ដែលជាគម្រោងអទិភាព សម្រាប់អនុគម្រោងទី១ ក្នុងចំណោមអនុគម្រោងទាំង១០ ហើយមានរយៈពេលសាងសង់ចំនួន២៧០ថ្ងៃ ស្មើនឹង៩ខែ ដោយគិតចាប់ពីថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ សាងសង់ដោយក្រុមហ៊ុនពន្លឺបន្ទាយស្រីខន់ស្ក្រាក់សិន។
ក្នុងការចុះត្រួតពិនិត្យ លោក គង់ វិមាន បានណែនាំឲ្យក្រុមហ៊ុនដែលទទួលសាងសង់ ត្រូវធ្វើយ៉ាងណាសាងសង់ទៅតាម លក្ខណៈបច្ចេកទេស និងធ្វើការសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋានដើម្បីដោះស្រាយ ជូនប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់។
ក្នុងនោះដែរ លោកបានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ត្រូវសម្របសម្រួលជាមួយប្រជាពលរដ្ឋ និងសហការណ៍ជាមួយក្រុមហ៊ុន សាងសង់ធ្វើយ៉ាងណាអនុវត្តគម្រោងឲ្យបានឆាប់
និងទទួលជោគជ័យ។
បងប្អូនប្រជាពលរដ្ឋ មានការសប្បាយចិត្តហើយធ្វើការសំណូមពរ ដល់ក្រុមការងារឲ្យក្រុមហ៊ុនសាងសង់ ឲ្យបានលឿនដើម្បី បានទឹកយកទៅប្រើប្រាស់និងបង្កបង្កើនផល ជួយដោះស្រាយផលប៉ះពាល់ជូន ប្រជាពលរដ្ឋឲ្យ បានលឿន និងជួយរៀបចំគណៈកម្មការគ្រប់គ្រងថែទាំទឹកដើម្បីកុំឲ្យប្រជាពលរដ្ឋមានការ ឈ្លោះទាស់ទែងគ្នាដណ្តើមផលប្រយោជន៍។
ចុងបញ្ចប់ លោក គង់ វិមាន បានទទួលយកសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីឲ្យគណៈកម្មការរៀបចំ ដោះស្រាយឲ្យបានឆាប់។
គួរបញ្ជាក់ថាការស្តារប្រឡាយទឹកនេះបានបម្រើឲ្យប្រជាពលរដ្ឋចំនួន១៧ ភូមិមកពីពីរឃុំ គឺឃុំបារាយណ៍ និង ឃុំឈូកខ្សាច់ ដែលមានប្រជាពលរដ្ឋចំនួន ៣០១៤ គ្រួសារ៕