(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី លី ធុជ អគ្គលេខាធិកាអាជ្ញាធរមីនកម្ពុជា នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បាននាំយកអំណោយ និងថវិកាមួយចំនួន ឧបត្ថម្ភជូនគ្រួសារពលរដ្ឋដែលរងគ្រោះ ដោយសារគ្រាប់បែកចង្កោមរបស់អាមេរិក នៅខេត្តរតនគិរី នៅថ្ងៃម្សិលម៉ិញ ដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតផ្ទាល់ និងបានសន្យាជួយបោសសម្អាតគ្រាប់បែកទាំងនោះ ចេញពីចម្ការរបស់គាត់ឲ្យអស់។
លោកទេសរដ្ឋមន្ត្រី លី ធុជ បានជម្រាបដល់ជនរងគ្រោះ និងក្រុមគ្រួសារថា អាជ្ញាធរមីនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រធាន បានកំពុងខិតខំធ្វើកាបោសសម្អាតមីន និងសំណាល់ជាតិផ្ទុះ ចេញពីតំបន់ដែលមានមីន និងសំណល់ជាតិផ្ទុះ ឲ្យអស់នៅត្រឹមឆ្នាំ២០២៥ ខាងមុននេះ ហើយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្អែកនេះ លោកទេសរដ្ឋមន្ត្រី លី ធុជ នឹងដឹកនាំក្រុមការងារចុះពិនិត្យកន្លែងផ្ទុះគ្រាប់ជាក់ស្តែង ដើម្បីស្នើសុំឲ្យប្រតិបត្តិករបោសសម្អាតមីន ជួយបោសសម្អាតគ្រាប់ ឲ្យអស់ពីចម្ការរបស់ពួកគាត់។
លោកទេសរដ្ឋមន្ត្រី បាននាំយកនូវអំណោយរបស់អាជ្ញាធរមីនកម្ពុជា ជូនដល់ជនរងគ្រោះផងដែរ រួមមាន៖ អង្ករ៥០គីឡូក្រាម មីមួយកេះ ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ ត្រីខកំប៉ុងមួយយួរ ថវិកា៤០០,០០០រៀល និងថវិកាផ្ទាល់ខ្លួនចំនួន ៤០០,០០០រៀល បន្ថែមទៀត។
ក្នុងនាមឲ្យរាជរដ្ឋាភិបាល លោកទេសរដ្ឋ លី ធុជ មានកាសោកស្តាយយ៉ាងខ្លាំង ចំពោះគ្រោះថ្នាក់ដែលបានកើតឡើងនេះ លោកទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើឲ្យលោកវេជ្ជបណ្ឌិត មេត្តាជួយខិតខំព្យាបាល លោក ទុយនុ ឲ្យឆាប់ជាសះស្បើយផង ដើម្បីឲ្យគាត់ និងគ្រួសារបានត្រឡប់ទៅរកស៊ីចិញ្ចឹមកូនតូចៗទាំង៥នាក់ នៅផ្ទះឯនោះ។
សូមជម្រាបថា នៅរសៀលថ្ងៃម្សិលម៉ិញ មានហេតុការណ៍ផ្ទុះគ្រប់បែកចង្កោមមួយដ៏កក្រើក នៅភូមិចាអុងចាន់ ឃុំចាអុង ស្រុកអូរជុំ ខេត្តរតនគិរី បណ្ដាលឲ្យជនរងគ្រោះឈ្មោះ កា ស៊ុយនុ អាយុ៣២ឆ្នាំ ជនជាតិទំពួន រស់នៅភូមិ៣ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី រងរបួសបាក់ជើងឆ្វេងទាំងស្រុង ហើយត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យរុស្ស៊ី រាជធានីភ្នំពេញ តែម្ដង៕