(សៀមរាប)៖ ព្រះវិហារបុរាណ ក្នុងវត្តអារញ្ញសាគរ ជាសំណង់បុរាណមួយ ក្នុងចំណោមព្រះវិហារជាច្រើនទៀត ដែលមានទីតាំងតាមបណ្តោយស្ទឹងសៀមរាប។ តាមការបញ្ជាក់ពីប្រជាពលរដ្ឋ ព្រះវិហារវត្តអារញ្ញសាគរនេះ មានអាយុកាលជាង១០០ឆ្នាំ មកហើយ ដែលស្ថានភាពសំណង់ទាំងមូល មានសភាពចាស់ទ្រុឌទ្រោម ដែលទាមទារឲ្យមានការជួសជុលជាបន្ទាន់។
ក្នុងបុព្វហេតុអភរិក្សសំណង់ព្រះវិហារបុរាណ អាជ្ញាធរជាតិអប្សរា បានជួយលើផ្នែកបច្ចេកទេស ដើម្បីជួសជុលព្រះវិហារ វត្តអារញ្ញសាគរ។
លោក ស៊ឹម ប៊ុនធឿន បុគ្គលិកបច្ចេកទេស នៃនាយកដ្ឋានគ្រប់គ្រងដែនដី និងលំនៅឋាន ក្នុងឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា បានថ្លែងថា ព្រះវិហារ វត្តអារញ្ញសាគរ គឺជាសំណង់មួយដែលមានលក្ខណៈស្ថាបត្យកម្មដ៏ពិសេស ព្រោះព្រះវិហារនេះ សង់ឡើងនៅលើខឿនមួយជាន់ ឯតួព្រះវិហារ និងសសរជុំវិញ គឺកសាងអំពីឥដ្ឋតាន់។ ចំណែក សសរជុំវិញព្រះវិហារ មានទម្រង់រមូរ ធ្វើពីឥដ្ឋរមូរស្រាប់ ដែលត្រូវបានរចនាដោយបុព្វបុរសខ្មែរ។ ជាងនេះទៅទៀតនោះ ភាពរមួលនៃសសរនីមួយៗ គឺមានភាពខុសៗគ្នាផងដែរ។
លោក ប៊ុនធឿន បានលម្អិតពីទម្រង់នៃព្រះវិហារនោះទៀតថា សសរខាងក្នុង និងគ្រឿងបង្គំដំបូល គឺធ្វើពីឈើទៅតាមរចនាបថខ្មែរសុទ្ធសាធ។ ក្នុងដំណើរការជួសជុលសំណង់ព្រះវិហារនេះ គឺអាជ្ញាធរជាតិអប្សរា បានជួយលើផ្នែកបច្ចេកទេស ដោយបានសិក្សាចម្លងប្លង់ចាស់ទុកធ្វើជាឯកសារ ដើម្បីឲ្យប្រាកដថា ការជួសជុលត្រូវគោរពតាមរូបដើមនៃព្រះវិហារនេះ។
លោក ប៊ុនធឿន ពន្យល់ថា «យើងជួសជុល ដើម្បីទុកជាមរតកទៅថ្ងៃក្រោយ តែការជួសជុលនេះ គឺធ្វើយ៉ាងណារក្សាទម្រង់ដើម ហើយជួសជុលតិចបំផុតតាមតែអាចធ្វើទៅបាន»។
លោកបន្ថែមទៀតថា ដូចជាសសរនៃព្រះវិហារនេះ គឺគ្រាន់តែបកសំបកបាយក្រៀមដែលពុកផុយចេញ ហើយបូកស៊ីម៉ង់ថ្មីតែប៉ុណ្ណោះ។ ចំណែកដំបូលវិញ គឺត្រូវរៀបតាមលំនាំរចនាបថដើម ហើយក្បឿងត្រូវដូរថ្មី ដោយទុកក្បឿងចាស់ដែលនៅប្រើបាន សម្រាប់ប្រក់នៅកន្លែងណាមួយនៃដំបូលព្រះវិហារ។
ព្រះគ្រូចៅអធិការវត្តអារញ្ញសាគរ ព្រះនាម ហ៊ាក់ គឹមហ៊ត់ មានសង្ឃដីកាថា ព្រះអង្គយល់ស្រប ចំពោះគំនិតរបស់អាជ្ញាធរជាតិអប្សរា។ ព្រះអង្គមានសង្ឃដីកាបន្តថា «វាជារឿងដែលល្អប្រសើរបំផុត ដែលយើងត្រូវគិតគូពី ការងារបេតិកភណ្ឌ ដូចជាសំណង់ព្រះវិហារបុរាណនេះ ដើម្បីអភិរក្សតទៅថ្ងៃមុខ ជាពិសេសទៀតនោះ ដើម្បីទាក់ទាញភ្ញៀវទេសចរ ឲ្យមកទស្សនាជាដើម»។
តាមសង្ឃដីការបស់ព្រះគ្រូចៅអធិការ កន្លងមកធ្លាប់មានទេសចរបរទេសមួយចំនួន បានចូលទៅទស្សនាក្នុងបរិវេណវត្ត ពិសេសសំណង់ព្រះវិហារបុរាណ ដែលកំពុងជួសជុលនេះ។ លោកគ្រូរំពឹងថា ក្រោយព្រះវិហារនេះ ជួសជុលរួច នឹងមានទេសចរបន្តមកទស្សនា វត្តអារញ្ញនេះ ជាបន្តបន្ទាប់ទៀត។
វត្តអារញ្ញ មានទីតាំងនៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប តាមបណ្តោយស្ទឹងសៀមរាបឆ្ពោះទៅភ្នំក្រោម។ គេមិនអាចកំណត់ពីអាយុកាលច្បាស់លាស់ នៃសំណង់វិហារនេះបានទេ ដោយគ្រាន់តែដឹងថា «វាមានអាយុកាលជាងរយឆ្នាំមកហើយ នេះបើតាមចាស់ៗដែលពួកគាត់ដឹងឮ»។
សូមបញ្ជាក់ថា ខណៈដែលព្រះវិហារនេះ កំពុងជួសជុល ព្រះគ្រូចៅអធិការវត្ត ក៏បានអំពាវនាវរកសប្បុរសជន ដើម្បីជួយថវិកាក្នុងដំណើរការជួសជុលនេះ ឲ្យបានឆាប់រួចរាល់ផងដែរ៕