(ភ្នំពេញ)៖ សហរដ្ឋអាមេរិកនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានសម្តែងការព្រួយបារម្ភ ចំពោះការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ នៅកម្ពុជា។ នេះបើតាមការផ្សព្វផ្សាយរបស់ទំព័រ Facebook ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។ ប៉ុន្តែភ្លាមៗនោះអ្នកនាំពាក្យគណបក្សដឹកនាំប្រទេស លោក សុខ ឥសាន បានអះអាងថា ការធ្វើវិសោធនកម្មច្បាប់នេះគឺជាឆ្លើយតបនឹងតម្រូវការសង្គម ហើយក៏ស្របតាមរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់កម្ពុជាផងដែរ។
Facebook ស្ថានទូតអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយ ក្រោយពេលរដ្ឋសភាកម្ពុជា អនុម័តចំពោះសេចក្តីស្នើវិសោធនកម្មស្តីពីច្បាប់ គណបក្សនយោបាយ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា «សហរដ្ឋអាមេរិកមានការព្រួយបារម្ភជាខ្លាំង ចំពោះវិសោធនកម្មស្តីពីច្បាប់ គណបក្សនយោបាយនៅកម្ពុជា ដែលត្រូវបានអនុម័ត្តដោយរដ្ឋសភាជាតិ នៅថ្ងៃទី២០ ខែកុម្ភៈនេះ ដោយមានការពិគ្រោះ ឬពិភាក្សាគ្នាជាសាធារណ: បន្តិចបន្តួច។ វិសោធនកម្មនេះ បានផ្តល់អំណាចយ៉ាងធំដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់កំហិត ដល់សេរីភាព ក្នុងការបញ្ចេញមតិ និងសកម្មភាពស្របច្បាប់នានារបស់ គណបក្សនយោបាយ ហើយនៅក្រោមកាលៈទេសៈកំណត់មិនច្បាស់លាស់ណាមួយ គឺរំលាយ គណបក្សនយោបាយតែម្តង»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សដឹកនាំប្រទេស ដែលជាគណបក្សដែលមានតំណាងរាស្រ្តបានរៀបចំសេចក្តីស្នើច្បាប់នេះ បានអះអាងឱ្យដឹងថា មានមូលហេតុ ៤ចំណុចធំ ដែលនាំឱ្យមានការធ្វើវិសោធនកម្មច្បាប់នេះ។ ក្នុងនោះរួមមានដូចជា ទី១៖ ជាសំណូមពរចាំបាច់ឆ្លើយតប នឹងតម្រូវការរបស់សង្គមជាតិ ដើម្បីមានច្បាប់មួយប្រកបដោយគុណភាព ។ ទី២៖ ដើម្បីឲ្យស្របតាមសភាពការណ៍ថ្មី ដោយបំពេញបន្ថែមនូវចំណុចចន្លោះប្រហោងមួយចំនួន នៃច្បាប់ចាស់។ ទី៣៖ ជាសំណូមពរចាំបាច់ក្នុងការពង្រឹងគណបក្សនយោបាយ ដោយផ្អែកលើសារសំខាន់នៃតួនាទីរបស់គណបក្សនយោបាយ ដែលជាតួអង្គ នៃការប្រគួតប្រជែងក្នុងការបោះឆ្នោត លើទីលានប្រជាធិបតេយ្យ និងទី៤៖ ជាសំណូមពរនៃការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ដើម្បីធានាស្ថិរភាពនយោបាយ ស្ថិរភាពសង្គមជាតិ។
លោកបានបញ្ជាក់តាមរយៈសារអេឡិចត្រូនិច Telegram ថា «ការអនុម័តច្បាប់វិសោធនកម្មច្បាប់នេះ គឺជាសមិទ្ធផលថ្មីមួយទៀតរបស់ប្រជាជាតិខ្មែរយើង តាមរយៈការពុះពារជំនះឧបសគ្គស្មុគ្រស្មាញ របស់តំណាងរាស្ត្រ មកពីគណបក្សប្រជាជនកម្ពុជា ដោយអនុវត្តត្រឹមត្រូវតាមខ្លឹមសាររដ្ឋធម្មនុញ បទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងនីតិវិធីជាធរមាន»។
សូមបញ្ជាក់ថា សេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលស្នើដោយតំណាងរាស្រ្ត៦០រូប ត្រូវបានរដ្ឋសភាអនុម័តទាំងស្រុង ដោយសំឡេង សមាជិករដ្ឋសភា៦៦រូប នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បន្ទាប់ពីបើកកិច្ចប្រជុំវិសាមញ្ញអស់រយៈពេលជិត ២ម៉ោង ហើយពេលនេះ ត្រូវបានបញ្ជូន ទៅដល់ព្រឹទ្ធសភាកម្ពុជាហើយ។
សំណើសុំធ្វើវិសោធនកម្មច្បាប់នេះ ត្រូវបានរៀបចំដោយក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាចំនួន ៦០រូប ហើយបានចូលមកដល់រដ្ឋសភា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។ ការរៀបចំសំណើសុំធ្វើវិសោធនកម្មច្បាប់នេះ បានធ្វើបន្ទាប់ពីមានការលើកឡើង ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំសភាវិសាមញ្ញ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។
សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យកំណត់លក្ខខណ្ឌតឹងរឹងជាងមុន សម្រាប់ច្បាប់ស្តីពីគណបក្សនយោបាយ ក្នុងនោះច្បាប់ថ្មីនេះ នឹងមិនអនុញ្ញាតឲ្យ អ្នកមានទោស ឬទណ្ឌិត ធ្វើជាប្រធាន ឬអនុប្រធានបក្សនយោបាយឡើយ ហើយបើទោសធ្ងន់ធ្ងរទៀតនោះ អាចឈានដល់ការរំលាយបក្ស និងហាមឃាត់ថ្នាក់ដឹកនាំបក្ស មិនឲ្យធ្វើសកម្មភាពនយោបាយថែមទៀត។
ច្បាប់ស្តីពីគណបក្សនយោបាយនេះ ត្រូវបានកែសម្រួលជាថ្មីរហូតដល់២២មាត្រា ក្នុងចំណោម៥០មាត្រា ដែលបានដាក់ឱ្យ អនុវត្តជាង២០ឆ្នាំកន្លងមក៕