(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ បានបើកសវនាការក្នុងសំណុំរឿង មិនបំពេញកតព្វកិច្ច ចំពោះឧបករណ៍ដែលអាចជួញដូរបាន (ចេញសែកស្អុយ) ទៅលើបុរសម្នាក់ ពាក់ព័ន្ធពឹងឲ្យមន្រ្តីយោធារត់ការឲ្យ ដើម្បីចង់បានងារជាឧកញ៉ា តែចុងក្រោយមិនព្រមឲ្យលុយ ទើបជនរងគ្រោះជាអ្នករត់ការនោះ ប្តឹងទៅសមត្ថកិច្ចចុះទៅចាប់ខ្លួនតែម្តង។
បន្ទាប់ពីបើកសវនាការរួចមក លោក កោ វណ្ណឌី ប្រធានក្រុមប្រឹក្សាជំនុំជំរះ បានលើកពេលទៅប្រកាសសាលក្រមនៅថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៧ខាងមុខ។
មន្រ្តីតុលាការបានឲ្យដឹងថា ជនសង្ស័យឈ្មោះ រិន បូរ៉ា អាយុ៣៧ឆ្នាំ រីឯជនរងគ្រោះដែលរត់ការរកងារជាឧកញ៉ាឲ្យនោះមានឈ្មោះ ហេង សុខ ជាមន្រ្តីយោធា។ លោក ហេង សុខ ជាដើមបណ្តឹង បានថ្លែងប្រាប់តុលាការថា នៅអំឡុងខែមេសា និងឧសភា ឆ្នាំ២០១៥ លោកបានស្គាល់ឈ្មោះ រិន បូរ៉ា តាមរយៈក្រឡាបញ្ជីតុលាការម្នាក់ ដែលណែនាំឲ្យស្គាល់។ ពេលនោះឈ្មោះ រិន បូរ៉ា មានលុយ ហើយចង់បានងារជាឧកញ៉ាដើម្បីងាយរកស៊ី។ បន្ទាប់មក លោកបានណែនាំពីរបៀបដែលត្រូវទទួលងារជាឧកញ៉ាត្រូវធ្វើអ្វីខ្លះ?
ក្រោយមក លោក រិន បូរ៉ា បានពឹងពាក់ឲ្យលោកជួយរត់ការ យកងារជាឧកញ៉ាដោយចំណាយប្រាក់អស់ត្រឹមតែ៣ម៉ឺនដុល្លារប៉ុណ្ណោះ។ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៥ លោកបានយកលិខិតដែលចេញពីខុទ្ទការល័យសម្ដេចធម្មពោធិសាល ជា ស៊ីម ដែលស្នើសុំគោរម្យងារឧកញ៉ាឲ្យឈ្មោះ រិន បូរ៉ា មកឲ្យសាម៉ីខ្លួន បានមើលឃើញពីការងារនេះ។ ពេលនោះឈ្មោះ រិ បូរ៉ា បានស៊ីញ៉េសែកមួយសន្លឹកប្រគល់មកចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៥ ហើយបញ្ជាក់ប្រាប់ថា ទាល់តែថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ទើបអាចបើកប្រាក់បាននៅធនាគារ CIMB។
ជនជាប់ចោទបានឆ្លើយថា ខ្លួនពិតជាបានស៊ីញ៉េសែកឲ្យលោក ហេង សុខ មែនតែសែកនោះអត់មានលុយទេ ព្រោះគាត់បានឲ្យបុគ្គលិកទៅដកលុយអស់ហើយ ដោយសារសង្ស័យថា លិខិតដែលលោក ហេង សុខ យកមកឲ្យមើយអាចជាលិខិតក្លែងក្លាយ។
លោក ហេង សុខ បានថ្លែងទៀតថា ក្រោយមកនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥ ព្រះរាជក្រឹត្យបានចេញ និងតែងតាំងលោក រិន បូរ៉ា ជាឧកញ៉ា ហើយឯកសារដើមមានតម្កល់នៅគណៈរដ្ឋមន្ត្រី ហើយលោកយកតែឯកសារថតចម្លងមកឲ្យលោក រិន បូរ៉ា មើលប៉ុណ្ណោះ ហើយបើចង់មើលឯកសារដើមអាចសុំមកគណៈរដ្ឋមន្ត្រីបាន ប៉ុន្តែឈ្មោះ រិន បូរ៉ា នៅតែមិនព្រមប្រគល់លុយឲ្យរហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥ ធនាគារក៏ចេញបញ្ជាក់ម្ដងទៀតថា សែកនោះអត់មានលុយដដែលទើបលោកប្ដឹងសមត្ថកិច្ចអោយចាប់ខ្លួនលោក រិន បូរ៉ា តែម្ដង។
លោកស្រី ស៊ឺ វណ្ណនី តំណាងអយ្យការអមសាលាដំបូង បានធ្វើសេចក្ដីសន្និដ្ឋានតម្កល់ទុកនូវបទចោទលើឈ្មោះ រិន បូរ៉ា តាមមាត្រា២៣១ នៃក្រមព្រហ្មទណ្ឌ និងស្នើឲ្យតុលាការសម្រេចតាមច្បាប់៕