(ភ្នំពេញ)៖ សេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលរដ្ឋសភាអនុម័តទាំងស្រុងនៅព្រឹកមិញនោះ ពេលនេះ បានចូលដល់ព្រឹទ្ធសភាហើយ។ ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្អែកនេះ ដើម្បីពិនិត្យលើសេចក្តីស្នើវិសោធនកម្មច្បាប់នេះ។ នេះបើតាមការឱ្យដឹងពី លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា។
លោក ម៉ម ប៊ុននៀង បានបញ្ជាក់ថា ការលើកយកសេចក្តីស្នើវិសោធនកម្មច្បាប់នេះ មកពិភាក្សា ដោយសារតែវិសោធនកម្មនេះ ត្រូវបានវ៉ៃត្រាប្រញ៉ាប់ ប៉ុន្តែទោះជាយ៉ាងណា បន្ទាប់ពីបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៅថ្ងៃស្អែកនេះ ព្រឹទ្ធសភានឹងប្រគល់ ភារកិច្ចជូនគណៈកម្មាធិការអចិន្រ្តៃយ៍នៃព្រឹទ្ធសភា ដើម្បីសិក្សាឱ្យបានច្បាស់លាស់មុននឹងដាក់ចូលកិច្ចប្រជុំពេញអង្គអនុម័ត។
សូមបញ្ជាក់ថា សេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលស្នើដោយតំណាងរាស្រ្ត៦០រូប ត្រូវបានរដ្ឋសភា អនុម័តទាំងស្រុង ដោយសំឡេងសមាជិករដ្ឋសភា៦៦រូប នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បន្ទាប់ពីបើកកិច្ចប្រជុំវិសាមញ្ញ អស់រយៈពេលជិត ២ម៉ោង។
សំណើសុំធ្វើវិសោធនកម្មលើច្បាប់ ស្តីពីគណបក្សនយោបាយ ត្រូវបានរៀបចំដោយក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាចំនួន ៦០រូប ហើយបានចូលមកដល់រដ្ឋសភា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។ ការរៀបចំសំណើសុំធ្វើវិសោធនកម្មច្បាប់នេះ បានធ្វើបន្ទាប់ពីមានការលើកឡើង ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំសភាវិសាមញ្ញ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។
សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យកំណត់លក្ខខណ្ឌតឹងរឹងជាងមុន សម្រាប់ច្បាប់ស្តីពីគណបក្សនយោបាយ ក្នុងនោះច្បាប់ថ្មីនេះ នឹងមិនអនុញ្ញាតឲ្យអ្នកមានទោស ឬទណ្ឌិត ធ្វើជាប្រធាន ឬអនុប្រធានបក្សនយោបាយឡើយ ហើយបើទោសធ្ងន់ធ្ងរទៀតនោះ អាចឈានដល់ការរំលាយបក្ស និងហាមឃាត់ថ្នាក់ដឹកនាំបក្ស មិនឲ្យធ្វើសកម្មភាពនយោបាយថែមទៀត។
ច្បាប់ ស្តីពីគណបក្សនយោបាយនេះ ត្រូវបានកែសម្រួលជាថ្មីរហូតដល់២២មាត្រា ក្នុងចំណោម៥០មាត្រា ដែលបានដាក់ឱ្យ អនុវត្តជាង២០ឆ្នាំកន្លងមក៕