(ភ្នំពេញ)៖ ក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារ នៅថ្ងៃទី២០ ខែកុម្ភៈ នៅឆ្នាំ២០១៧នេះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង បានថ្លែង អំពាវនាវឱ្យមាតាទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យ នៅពេលមានគភ៌ និងសម្រាលបុត្ររួច ដើម្បីចូលរួមទប់ស្កាត់អត្រាស្លាប់មាតា និងទារកនៅក្នុងប្រទេសកម្ពុជា ឱ្យកាន់តែប្រសើរឡើង ថែមទៀត។
រដ្ឋមន្រីបន្ដថា «ត្បិតតែពីមួយឆ្នាំៗទៅមួយឆ្នាំ អត្រាមរណមាតាមានការថយចុះ តែយើងនឹងខិតខំបន្ថែមទៀត ដើម្បីកាត់បន្ថយឲ្យកាន់តែច្រើន ហើយអ្វីជាយន្ដការថ្មីនោះ គឺយើងនឹងដាក់ពេទ្យឆ្មប ដែលទទួលបានការបណ្ដុះបណ្ដាលយ៉ាងល្អត្រឹមត្រូវ នៅតាមមន្ទីរពេទ្យរដ្ឋ និងមណ្ឌលសុខភាពបន្ថែមទៀត ដើម្បីងាយស្រួលធ្វើការពិនិត្យ និងព្យាបាលដល់ប្រជាពលរដ្ឋយើង ឲ្យកាន់តែឆាប់រហ័ស ពិសេស យើងចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យបានការយល់ដឹងពីអត្ថប្រយោជន៍ ក្នុងការមកពិនិត្យសុខភាពពេលមានគភ៌ និងសម្រាលរួច ក្នុងការជៀសវាង មានគ្រោះថ្នាក់ដល់មាតា និងទារកមុនពេលសម្រាល និងក្រោមសម្រាលបុត្ររួច»។
ព្រមជាមួយគ្នានោះ លោកស្រីសាស្ដ្រចារ្យ ទុង រដ្ឋាវី ប្រធានបជ្ឈមណ្ឌលជាតិ គាំពារមាតានិងទារក បានលើកឡើងផងដែរថា «បច្ចុប្បន្ននេះ ប្រជាពលរដ្ឋយើង ដែលមានគត៌ បានមកទទួលយកសេវាព្យាបាល និងពិនិត្យសុខភាព រួមទំាងសម្រាលកូន នៅមន្ទីរពេទ្យរដ្ឋ និងឯកជន រហូតដល់ជាង៩៥% ដូចនេះនៅសល់ជិត៥% គឺគាត់សម្រាលកូន ដោយឆ្មបបុរាណ ហេតុនេះ បញ្ហាប្រឈមនៅតែកើតមានសម្រាប់ស្ដ្រី ដែលមានគត៌ដដែល គ្រាន់តែមានចំនួនតិចតួច ពិសេសនៅពេលដែលពួកគាត់ មិនបានមកពិនិត្យសុខភាព ពីមុនសម្រាលនិងក្រោយពេលសម្រាលរួច គាត់នឹងប្រឈមនឹងបញ្ហាជាច្រើន ដោយពេលខ្លះ ម្ដាយនិងកូនអាចបាត់បង់ជីវិតផងដែរ ព្រោះថាស្ដ្រីមានផ្ទៃពោះ គាត់មានអារម្មណ៍ខុសប្លែកពីមុនបន្ដិច ហើយអ័រម៉ូនគាត់កើនឡើង សំពាធឈាមឡើងខ្ពស់ ដែលបណ្ដាលឲ្យជាតិប្រូតេអ៊ីនច្រើនក្នុងទឹកនោម ដែលបណ្ដាលឲ្យកើតជាជំងឺមួយម្យ៉ាងគេហៅថា ក្រឡាភ្លើង បើសិនមិនព្យាបាលទេ អាចនឹងប្រកាច់ ហើយបណ្ដាលឲ្យស្លាប់ ទាំងម្ដាយ និងកូនផងដែរ»។
ក្នុងឱកាសនោះផងដែរ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានអាននូវសារលិខិតរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលបានថ្លែងអប់រំ និងអំពាវនាវក្នុងទិវាសុខភាពមាតា និងទារក ដែលមានដូចខាងក្រោមនេះ៖