(ភ្នំពេញ)៖ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានសង្កត់ធ្ងន់ថា កងយោធពលខេមរភូមិន្ទ ត្រូវខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចការពារឱ្យបាននូវសន្តិភាព ហើយប្រឆាំងដាច់ខាតរាល់សកម្មភាពការញុះញង់ណាមួយដែលបង្កអស្ថិរភាព ចលាចលក្នុងសង្គមជាតិ នាំឱ្យមានបដិវត្តន៍ពណ៌ ដើម្បីការពារភាពសុខសាន្ត ជូនប្រជាពលរដ្ឋរស់នៅក្នុងភាពសុខដុមរមនា។
ការថ្លែងបែបនេះ គឺធ្វើឡើងក្នុងពិធីបិទវគ្គហ្វឹកហ្វឺន នាយទាហាន បន្តវេនជំនាន់ទី០៥ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។ លោកអគ្គមេបញ្ជាការបានប្រសិទ្ធិនាម នាយទាហានបន្តវេនជំនាន់ទី៥ នេះថា «មហានគរអង្គរខេមរាកម្ពុជា-ចិន»។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានផ្តាំឱ្យសិក្ខាកាមទាំងអស់ ត្រូវស្មោះត្រង់ចំពោះជាតិ លើកកម្ពស់មនសិការស្នេហាជាតិ គោរពឱ្យបានម៉ឺងម៉ាត់នូវលក្ខន្តិកៈរបស់កងយោធពល ខេមរភូមិន្ទ និងបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការ ដែលបានប្រគល់ជូន។ លោកបានថ្លែងថា កងទ័ពត្រូវចូលរួមថែរក្សា ការពារសន្តិភាព ឱ្យបានរឹងមាំ និងប្រឆាំងដាច់ខាតនូវបដិវត្តន៍ពរណ៍។ ត្រូវចូលរួមថែរក្សាការពារសន្តិភាពឱ្យបានរឹងមាំ ដើម្បីទទួលបានឱកាសល្អកាន់តែច្រើនថែមទៀត ក្នុងការកសាង ជីវិតរស់នៅឱ្យកាន់តែប្រសើរឡើង និងមានសុភមង្គល។
លោកបានបន្ថែមទៀតថា កងទ័ពត្រូវបន្តការសិក្សារៀនសូត្រតាមគ្រប់រូបភាព ដូចជាតាមប្រព័ន្ធ Internet ជាដើម មានន័យថា «រៀនហើយរៀនទៀត រៀនគ្មានទីបញ្ចប់ រៀនដើម្បីចេះ មិនមែនរៀន ដើម្បីចប់» និងមានសេចក្តីអំណត់តស៊ូខិតខំប្រឹងប្រែងមិនរាថយ ដើម្បីសម្រេចបានបំណងប្រាថ្នារបស់ខ្លួន។ ត្រូវរៀបចំផែនការយុទ្ធសាស្ត្រតម្រង់ទិស និងគោលដៅមួយឱ្យបានច្បាស់លាស់ សំដៅទទួលបានជោគជ័យ ក្នុងវិថីនៃជីវិត។ ត្រូវយកចំណេះដឹងដែលបានសិក្សា និងការចុះដកបទពិសោធន៍កន្លងមក ប្រែក្លាយ ទៅការអនុវត្តជាក់ស្ដែង និងត្រូវចេះចាប់យកចំណុចគន្លឹះសំខាន់ៗ ដែលរៀមច្បងយើងអនុវត្តបានជោគជ័យក្នុងការងារ យកមកអនុវត្តក្នុងការបំពេញភារកិច្ចផ្ទាល់ខ្លួន ចេះសិក្សាការងារពីអ្នកជិតខាងខ្លួន បន្តការស្រាវជ្រាវបន្ថែម រៀនផង ធ្វើការផង ដើម្បីអភិវឌ្ឍខ្លួនឯងឱ្យបានជោគជ័យ ក្នុងអាជីពជាកងទ័ព។
លោកអគ្គមេបញ្ជាការ បានជំរុញឱ្យ មេបញ្ជាការ មេបញ្ជាការរង យោធាចារ្យ និងគ្រូគ្រប់គ្រងទាំងអស់ ត្រូវពង្រឹងគរុកោសល្យ អប់រំចិត្តសាស្ត្រ យកចិត្ត ទុកដាក់បង្ហាត់ បង្រៀនផ្ទេរចំណេះដឹង ចំណេះធ្វើ ជំនាញឯកទេស យោធា ជូនដល់សិក្ខាម ឱ្យទទួលបានលទ្ធផលល្អ។ ត្រូវយកចិត្តទុកដាក់ស្រាវជា្រវបន្ថែម ដើម្បីបង្កើនសមត្ថភាព យល់ដឹងរបស់ខ្លួន ឱ្យកាន់តែរីកចម្រើនស្របតាមការវិវឌ្ឍន៍ នៃសភាពការណ៍ និងការវិវឌ្ឍន៍នៃបច្ចេកវិទ្យានៅលើពិភពលោក។ សាលាត្រូវបន្តសហការជាមួយ ទីចាត់ការហ្វឹកហ្វឺន និងបណ្តាស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំឯកសារ និងកម្មវិធីហ្វឹកហ្វឺនឱ្យកាន់តែល្អ សំដៅបង្កើនគុណភាព ហ្វឹកហ្វឺន និងខិតខំបណ្តុះបណ្តាលយោធាចារ្យវ័យក្មេង រៀបចំកម្រិត ថ្នាក់យោធាចារ្យឱ្យសមមូល ទៅនឹងប្រព័ន្ធអប់រំជាតិ ធ្វើការសិក្សារៀបចំបញ្ចូលផ្នែកចំណេះដឹងទូទៅ (ព័ត៌មានវិទ្យា internet និងបច្ចេកវិទ្យាថ្មីៗ)។
លោកបានបន្ថែមទៀតថា សាលា ត្រូវឈរ ជាមជ្ឈមណ្ឌលសាមគ្គីឯកភាពគ្នាប្រកបដោយ ឆន្ទៈជំនាញវិជ្ជាជីវៈ ចូលរួមគ្រប់សកម្មភាព និងរក្សាតម្លៃកេរ្តិ៍ឈ្មោះឱ្យបានល្អ ដើម្បីអភិវឌ្ឍឱ្យកាន់តែល្អប្រសើរថែមទៀត។ វិទ្យាស្ថានត្រូវ សហការអោយបានស្អិតរមួត ជាមួយភាគីចិន ក្នុងការបន្តបញ្ជូនសិក្ខាកាមរបស់យើង អោយទៅបន្ត បណ្តុះបណ្តាលជំនាញផ្សេងៗ នៅតាម បណ្តាវិទ្យាស្ថាននានា នៃសាធារណរដ្ឋប្រជាមានិតចិន ព្រោះវាចំណុចគន្លឹះក្នុងការសិក្សាស្វែងយល់ ដកស្រង់ បទពិសោធន៍ ដៅបង្កើនសមត្ថភាពរបស់ នាយទាហានវ័យក្មេង ឱ្យកាន់តែរីកចម្រើន ប្រកបដោយថាមពល៕