(ភ្នំពេញ)៖ ក្រុមហ៊ុន Manulife Cambodia បានផ្ដល់ពានរង្វាន់កិត្តិយសជូន ទីប្រឹក្សាធានារ៉ាប់រងឆ្នើម ចំនួន១១រូប ប្រចាំឆ្នាំ២០១៦ ដែលមានសមត្ថភាព ចូលជាសមាជិកនៃ Million Dollar Round Tabe ដែលជាសមាគមកំពូល លំដាប់ពិភពលោកមួយ សម្រាប់បុគ្គលិក ឆ្នើមក្នុងវិស័យហិរញ្ញវត្ថុ។
ការផ្ដល់ជូនពានរង្វាន់នេះ ធ្វើឡើងដើម្បីលើក ទឹកចិត្តកោតសសើរ ដល់ការចូលរួមចំណែករបស់ទីប្រឹក្សាឆ្នើម ក្នុងក្រុមហ៊ុនក្នុងការ ការពារអនាគតហិរញ្ញវត្ថុរបស់ក្រុមគ្រួសារកម្ពុជា។
លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន Manulife បានថ្លែងឲ្យដឹងថា «ខ្ញុំពិតជាមាន មោទនភាពណាស់ ដែលយើងទទួលបាន បុគ្គលិកឆ្នើមជនជាតិខ្មែរជាច្រើនចូលរួមជាមួយ ពួកយើងជាពិសេសនៅក្នុងវិស័យ ដែលមានការរីកចម្រើនឆាប់រហ័យមួយនេះ ដែលទើបតែចូលមកដល់ប្រទេសកម្ពុជា កាលពីជាងបួនឆ្នាំមុន ប៉ុណ្ណោះ។ ទោះបីជាវិស័យធានារ៉ាប់រងអាយុជីវិតនៅថ្មីក៏ដោយ បុគ្គលិកផ្នែកលក់ដ៏ឆ្នើមរបស់យើង ពោរពេញដោយថាមពល និងឆន្ទៈនៅក្នុង
អាជីពរបស់ពួកគេ និងក្នុងសហគមន៍របស់ពួកគេ»។
លោកបន្ថែមថា ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ប្រជាជនកម្ពុជាជាង ៣០០០០នាក់ ទទួលបានការការពារ អនាគត ហិរញ្ញវត្ថុដោយក្រុមហ៊ុន។
លោកស្រី ម៉ម ភិរុណ ជាទីប្រឹក្សាឆ្នើមមួយរូបក្នុងឆ្នាំ២០១៦ បានឱ្យដឹងថា «ខ្ញុំពិតជាពេញចិត្តនឹងការងាររបស់ខ្ញុំ នៅក្រុមហ៊ុនManulife នេះណាស់ ហើយខ្ញុំពិតជាមាន មោទនភាពខ្លាំងណាស់ ដែលខ្ញុំអាចផ្ដល់ការប្រឹក្សាយោបល់ ដល់ក្រុមគ្រួសារនានាស្ដីពីការ រៀបចំផែនការហិរញ្ញវត្ថុ និងផ្ដល់ជូនពួកគាត់នូវផលិតផលដែលអាច ការពារអនាគតហិរញ្ញវត្ថុ សម្រាប់ក្រុមគ្រួសារពួកគាត់ ព្រមទាំងក្រុមគ្រួសារជាច្រើនទៀត នៅក្នុងប្រទេសកម្ពុជានេះ»។
លោកស្រីបានបញ្ចប់ថា ដោយសារក្រុមហ៊ុន Manulife បានផ្លាស់ប្ដូរជីវិតរបស់ខ្ញុំ ខ្ញុំនឹងផ្លាស់ប្ដូរជីវិតប្រជាជនជាច្រើនផ្សេងទៀត ដើម្បីឱ្យពួកគាត់អាចរស់នៅ ដោយមានភាពស្រស់ស្រាយដោយហេតុថាការព្រួយបារម្ភ ពីអនាគតហិរញ្ញវត្ថុរបស់ពួកគាត់ ត្រូវបានផ្ទេរទៅឱ្យក្រុមហ៊ុន Manulife រួចទៅហើយ៕