ប្រជាពលរដ្ឋ៥១គ្រួសារ មានជម្លោះដីធ្លីជាមួយបុគ្គលម្នាក់ នៅក្រុងព្រះវិហារ ជិត១០ឆ្នាំហើយ ដោះស្រាយមិនចេញ ទើបតែពេលនេះអភិបាលខេត្ត ចុះទៅដោះស្រាយគ្រោងបញ្ចប់ឆាប់ៗនេះ
20-02-2017 13:24
(ព្រះវិហារ)៖ ជម្លោះដីធ្លីមួយកន្លែង ដែលបានអូសបន្លាយពេលវេលាតាំងពីឆ្នាំ២០០៨ រវាងប្រជាពលរដ្ឋ៥១គ្រួសារ រស់នៅភូមិគោកបេង សង្កាត់កំពង់ប្រណា ក្រុងព្រះវិហារ ជាមួយបុគ្គលម្នាក់ឈ្មោះ សំ លាងនី ត្រូវបានលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ចុះពិនិត្យមើលនៅព្រឹកថ្ងៃទី២០ ខែកម្ភៈ ឆ្នាំ២០១៧នេះ ដើម្បីឈានទៅដោះស្រាយបញ្ចប់នៅពេលដ៏ខ្លីខាងមុខនេះ។
សូមបញ្ជាក់ថា ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃរវាងប្រជាពលរដ្ឋ៥១គ្រួសារ និងបុគ្គលឈ្មោះ សំ លាងនី បានកើតឡើងតាំងពីឆ្នាំ២០០៨មកម្ល៉េះ ដែលដីទំនាស់ គឺមានចំនួន៥ហិកតា ហើយដីនេះប្រជាពលរដ្ឋទាំង៥១គ្រួសារ បានសង់លំនៅដ្ឋាន និងធ្វើការដាំដុះរហូតមកដល់សព្វថ្ងៃនេះ តែឈ្មោះ សំ លាងនី បានប្តឹងជំទាស់មិនឲ្យអាជ្ញាធរ និងមន្រ្តីជំនាញចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឡើយដោយថា ដី៥ហិកតានេះ គឺគាត់បានទិញពីគេហើយ។
អភិបាលខេត្តព្រះវិហារ បានថ្លែងថា ក្រោយពីបានចុះពិនិត្យរួចមក តាមពិតទៅ លោក សំ លាងនី មានការភ័ណ្ឌច្រឡំ ដីដែលគាត់ទិញមិនមែនមានទីតាំងនៅទីនេះទេ ហើយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខនេះ លោកនឹងឲ្យភាគីទាំង២ ចូលមកដោះស្រាយបញ្ចប់ កុំឲ្យមានបញ្ហាទៅថ្ងៃក្រោយទៀត។
លោកបានបញ្ជាក់ថាពេលដោះស្រាយចប់ លោកនឹងឲ្យអាជ្ញាធរមូលដ្ឋាន បញ្ជាក់លិខិតកាន់កាប់ជូនប្រជាពលរដ្ឋដើម្បី ឲ្យពួកគាត់រស់នៅស្របច្បាប់ និងធ្វើផ្លូវជូនពួកគាត់ទៀតផង។
បងប្អូនប្រជាពលរដ្ឋបានសំដែងនូវក្តីសប្បាយរីករាយចំពោះលោកអភិបាលខេត្ត អ៊ុន ចាន់ដា ដែលបានចុះមកដោះស្រាយបញ្ចប់បញ្ហាទំនាស់ជូនគាត់ ពួកគាត់នៅពេលនេះ៕