(ភ្នំពេញ)៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ ខែ​កុម្ភៈ​ ខាង​មុខ​នេះ​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នឹង​បើក​សវនាការ​កាត់ទោស អ្នក​ស្រី​ ទេព​ វន្នី​ តំណាង​សហគមន៍​បឹងកក់​ ពាក់ព័ន្ធ​បទល្មើស​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ។ នេះបើតាមការបញ្ជាក់ដោយមន្រ្តីតុលាការ។

សវនាការ​នេះ​ នឹងដឹកនាំ​ដោយ ​លោក​ ឡុង​ កេស​ភីរម្យ​ ជា​ចៅក្រម​ជំនុំជម្រះ​ និង​ លោក​ សៀង​ សុខ​ ​ព្រះរាជអាជ្ញារង ជា​តំណាង​អយ្យការ។

មន្ត្រី​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស​ (ម២)​ បញ្ជាក់​ថា​ ក្រុម​មន្ត្រី​នឹង​បញ្ជូន​លោក​ស្រី​ ទេព​ វន្នី​ ចូល​រួម​សវនាការ​។​ រឿង​ក្ដី​នេះ​ សាក្សី​៣រូប​ក៏​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ចូល​រួម​សវនាការ​ផងដែរ​ ក្នុងនោះមា​ន​ លោក​ស្រី​ ង៉ែត​ ឃុន​ ហៅ​យាយ​ម៉ាប់​មី​ លោក​ស្រី​ គង់​ ចន្ថា​ និង​ លោក​ស្រី​ បូ​ ឆវី​ ។

សូមបញ្ជាក់ថា អ្នក​ស្រី​ ទេព​ វន្នី​ ត្រូវបានតុលាការ​ចោទ​ពី​បទ​ហិ​ង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្បែរវិមានឯករាជ្យ សង្កាត់ទន្លេបាសាក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៣​៕