(កោះកុង)៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសម្ដែងនូវការគាំទ្រ និងជំរុញលើកទឹកចិត្តឱ្យបងប្អូន ប្រជាសហគមន៍នៅខេត្តកោះកុង យកចិត្តទុកដាក់លើការងារចិញ្ចឹមសត្វ ក៏ដូចជាសិក្សាបន្ថែមនូវជំនាញវិជ្ជាជីវៈ ដើម្បីភាពប្រសើរនៃសហគមន៍ ដែលនេះជាការរួមចំណែកយ៉ាងសំខាន់ ដល់ការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន ស្របតាមទិសដៅនៃកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការរបស់រាជរដ្ឋាភិបាល។
ការជំរុញរបស់លោករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសដែល លោកនៅព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង រវាងអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន និងសហគមន៍តំបន់ការពារធម្មជាតិចំនួន៤ នៅខេត្តកោះកុង។
ពិធីនោះក៏មានការចូលរួម ពីសំណាក់អភិបាលខេត្ត តំណាងធនាគារអភិវឌ្ឍន៍អាស៉ី មន្ទីរពាក់ព័ន្ធជុំវិញខេត្ត ឧទ្យានុរក្ស អង្គការមិនមែនរដ្ឋាភិបាល រដ្ឋបាលមូលដ្ឋាន សហគមន៍តំបន់ការពារធម្មជាតិ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន២៣១នាក់ផងដែរ។
សូមជម្រាបថា គោលបំណងសំខាន់ នៃកិច្ចព្រមព្រៀងនេះគឺ ដើម្បីផ្តល់សិទ្ធិស្របច្បាប់ដល់សហគមន៍ ក្នុងការការពារ ប្រើប្រាស់ និងគ្រប់គ្រងធនធានធម្មជាតិ ក្នុងសហគមន៍តំបន់ការពារធម្មជាតិ ជាលក្ខណៈស្វ័យគ្រប់គ្រង ស្របតាមលក្ខខណ្ឌ និងស្ថានភាពជាក់ស្ដែង របស់សហគមន៍នីមួយៗ ក្នុងទិសដៅលើកកម្ពស់ជីវភាពសហគមន៍ ដែលមានសុពលភាពរយៈពេល១៥ឆ្នាំ។
តាមរយៈកិច្ចព្រមព្រៀងនេះ សហគមន៍នឹងទទួលបាននូវភាពជាម្ចាស់ សិទ្ធិសម្រេច និងចាត់វិធានការ ស្របតាមលក្ខន្តិកៈសហគមន៍ ក៏ដូចជាសិទ្ធិចូលរួមទប់ស្កាត់ បទល្មើសនានាក្នុងសហគមន៍៕