(ព្រៃវែង)៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែងដឹកនាំដោយ លោកវរសេនីយ៍ត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ ក្រោមបញ្ជាផ្ទាល់ពីលោក ឧត្ដមសេនីយ៍ត្រី ម៉ែន ស៊ីប៊ន មេបញ្ជាការអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពី លោក មាស សុភក្តិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត បានចុះប្រតិបត្តិការ បង្ក្រាបបទល្មើសចែកចាយគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ព្រមទាំងដកហូតបានម៉ូតូចំនួន២គ្រឿង ថ្នាំញៀនចំនួន៤កព្ចាប់ និងសម្ភារមួយចំនួនទៀត។
ការចុះប្រតិបត្តិការបង្ក្រាបបទល្មើសចែកចាយគ្រឿងញៀនខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង០៣៖២៥នាទី រសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចរង្វង់មូល ទួលបារាយណ៍អណ្តែត ស្ថិតក្នុងភូមិបារាយរណ៍លិច សង្កាត់បារាយរណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង និងនៅចំណុចភូមិថ្គូវ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ជនសង្ស័យទាំង២នាក់នេះ ឈ្មោះ លន់ ឆឺន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិបារាយរណ៍លិច សង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង និងម្នាក់ទៀតឈ្មោះ លាប វណ្ឌី ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ វត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៍សចំនួន០៤កញ្ចប់ ទូរសព្ទ័ដៃចំនួន០២គឿង ម៉ូតូម៉ាកហុងដាសេរី២០១៥ ចំនួន០១គ្រឿង និងម៉ូតូសណ្ដោងរម៉ក០១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាងត្រូវបានអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕