(សៀមរាប)៖ ជនជាតិជប៉ុន ដែលបានរស់នៅ និងធ្វើការប្រកបរបរចិញ្ចឹមជីវិតនៅសៀមរាប រួមជាមួយភ្ញៀវទេសចរជប៉ុន ប្រមាណ២ពាន់នាក់ បានរៀបចំពិធីបុណ្យបែបប្រពៃណីយ៍ ដែលមានអាយុកាលជាងមួយពាន់ឆ្នាំ នៅក្រុងសៀមរាប ជាលើកទី១ នារាត្រីថ្ងៃសៅរ៍-អាទិត្យចុងសប្ដាហ៍ ទី១៨-១៩ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលបុណ្យប្រពៃណីយ៍នេះ មានឈ្មោះថា ជីអ៊ន «The Gion Festival» គឺជាពិធីបុណ្យដ៏ធំមួយក្នុងចំណោម ពិធីបុណ្យធំៗទាំងបីរបស់ជប៉ុន។
លោក អីម៉ៃ តាគុមិ ( Emai Takumi ) ដែលជាអ្នកសម្របសម្រួល រៀបចំកម្មវិធីបុណ្យនេះ បានឲ្យដឹងថា ពិធីបុណ្យតាមបែប ប្រពៃណីយ៍ជប៉ុន ដែលមានឈ្មោះថា ជី អ៊ន (The Gion Festival)នេះ គឺជាពិធីបុណ្យដ៏ធំមួយក្នុងចំណោម ពិធីបុណ្យល្បីៗ និងធំៗទាំងបីរបស់ប្រជាជាតិជប៉ុន។
មានដើមកំណើតនៅខេត្តក្យូតុ (Kyoto) តាំងពីរាជកាល នៃការគ្រប់គ្រងរបស់ ហិយ៉ាន (Heian) កាលពី ១,១០០ឆ្នាំមុនមកម្ល៉េះ គឺក្នុងសម័យកាលមួយដែលប្រជាជនជប៉ុន មានជម្ងឺឧបទ្រពចង្រៃ ហើយបានប្រល័យជីវិតមនុស្សអស់យ៉ាងច្រើននាគ្រានោះ ពេលនោះ ពិធីបុណ្យនេះបានចាប់ផ្ដើមមានឡើង ដើម្បីបួងសួងសុំសេចក្ដីសុខ សុភមង្គល និងបណ្ដេញឧបទ្រពចង្រៃទាំងឡាយ ឲ្យរលាយបាត់ទៅ។
លោកបន្ថែមទៀតថា សម្រាប់ពិធីនៅសៀមរាប នាពេលនេះមានឈ្មោះថា ពិធីបុណ្យ អង្គរ ជី អ៊ន «Angkor Gion Festival» ដើម្បីបានបួងសួង ឧទ្ទិសជូនចំពោះប្រទេសកម្ពុជានិងជប៉ុន រួមនិងពិភពលោក ទាំងមូលឲ្យទទួលបាននូវសេចក្ដីសុខ, សន្ដិភាព, សុភមង្គល និងសេចក្ដីរីកចម្រើន។ ហើយពិធីនេះក៏បានចែករំលែកនូវអរិធម៌ វប្បធម៌ រួមនិងការ ពង្រីកនិងពង្រឹងនូវទំនាក់ទំនង ជាមិត្តភាព រវាងកម្ពុជា និងប្រទេសជប៉ុនផងដែរ។
នៅក្នុងពិធីបុណ្យពីរថ្ងៃនេះ ក៏មានរៀបចំពិធីសម្ដែងសិល្បះ, របាំ, ចម្រៀង, ក្បាច់គុណបុរាណ, និងការចំអិនម្ហូបអាហារបែបជប៉ុន ដែលរៀបចំធ្វើដោយជនជាតិជប៉ុន ដែលកំពុងមានវត្តមាន និងរស់នៅខេត្តសៀមរាបផងដែរ៕