(ភ្នំពេញ)៖ បន្ទាប់ពីសិក្សា និងឆ្លងកាត់ការប្រកួតប្រជែង អស់រយៈពេលយូរខែមកហើយនោះ ទីបំផុតម្ចាស់
ពាន់រង្វាន់ធំ ក្នុងកម្មវិធីប្រកួតប្រជែង ការផ្សព្វផ្សាយពាណិជ្ជកម្ម បានរកឃើញហើយ បានទៅលើក្រុម Chakra Advertising និស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា។
ការប្រគល់រង្វាន់នេះ ធ្វើឡើងក្រោមការចូលរួមពី សំណាក់លោក យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា លោកគ្រូ អ្នកគ្រូ រួមទាំងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
ការប្រកួតប្រជែងនេះ មានសមាជិកប្រមាណជា២៦រូប ស្មើនឹង៥ក្រុម ដែលមកពីមហាវិទ្យាល័យទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយ ( Faculty of Communications and Media Arts-FCMA) រួមមានក្រុម Idealab Agency, Bama Agency, Chakra Advertising, Clampro advertising ហើយ ការប្រកួតប្រជែងនេះ ត្រូវតម្រូវឲ្យនិស្សិត សសេរ រចនា និងបង្កើតនូវយុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្ម តាមបែបឌីជីថល។ ការប្រកួតប្រជែងនេះ រួមមាន Print, TV Outdoor, Cyber, Mobile និង Best of Show Award។
កម្មវិធីប្រកួតប្រជែងពានរង្វាន់ ការផ្សព្វផ្សាយពាណិជ្ជកម្មនេះ ធ្វើឡើងក្នុងគោលបំណងអភិវឌ្ឍន៍ និងជម្រុញការច្នៃប្រឌិតក្នុង វិស័យទំនាក់ទំនង ដែលជាឧបករណ៍ដ៏ខ្លាំងក្លា សម្រាប់និស្សិតក្នុងការបញ្ចប់ ការសិក្សាជាសកល និងឆ្លើយតបទៅនឹងតម្រូវការ នៃឧស្សាហកម្មនេះផងដែរ។
មួយវិញទៀតអាចនឹងលើកកម្ពស់ ភាពច្នៃប្រឌិតរបស់ប្រជាពលរដ្ឋកម្ពុជា ឲ្យឡើងដល់កម្រិតខ្ពស់មួយ នឹងសម្រេចបាននូវភាពប្រសើរ សមិទ្ធផលនានា ដើម្បីឲ្យគេទទួលស្គាល់ទូទាំងពិភពលោក៕