(កំពង់ធំ)៖ ប្រជាពលរដ្ឋចំនួន៨គ្រួសារ រស់នៅឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៧នេះ បានលើកគ្នាមកតវ៉ា ដល់ទីស្នាក់ការគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ YCP ដោយចោទប្រកាន់ថា ស្ថាប័នរកសីុចងការប្រាក់ឯកជនមួយនេះ បានកេងបន្លំ រឿងអត្រាការប្រាក់ ទៅលើពួកគេ។
តំណាងប្រជាពលរដ្ឋបានឲ្យដឹងថា ស្ថាប័នឯកជនមួយនេះ បានយកតម្លៃការប្រាក់មួយពីប្រជាពលរដ្ឋពេលទៅខ្ចីលុយត្រឹមជិត២ភាគរយ តែពេលពួកគាត់ មានលទ្ធភាពយកលុយទៅសងវិញ ស្រាប់តែខាងស្ថាប័នបានគិតអត្រាការប្រាក់ឡើងទ្វេរដង ទើបធ្វើឲ្យពួកគាត់ ខឹងនិងផ្ទុះការតវ៉ាបែបនេះ។
ប្រជាពលរដ្ឋបានបន្តថា កាលពីពេលកន្លងទៅពួកគាត់ បានដាក់ពាក្យបណ្តឹងនៅសាលាខេត្តផងដែរ តែគ្មានដំណោះស្រាយដោយសារតែភាគីស្ថាប័នមួយនេះ មិនចូលខ្លួនទៅដោះស្រាយ ពេលសាលាខេត្តហៅទៅដោះស្រាយរហូតពួកគាត់លើកគ្នាមកតវ៉ាដល់ទីស្នាក់ការតែម្តង។
បើតាមប្រជាពលរដ្ឋស្ថាប័នមីក្រូហិរញ្ញវត្ថុមួយនេះ ក៏បានរឹបអូសទ្រព្យសម្បត្តិរបស់ពួកគាត់ទៀតផង នៅពេលមិនទាន់បានបង់លុយជូនពួកគេ។
នៅពេលនេះក៏មានវត្តមានមន្រ្តីមួយចំនួនបានចេញមុខដោះស្រាយផងដែរ តែមិនទាន់ទទួលបានលទ្ធផល៕