(សៀមរាប)៖ លោក ស្តើង សុខុម សាកលវិទ្យាធិការសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) បានថ្លែងទៅកាន់និស្សិតសាខាសាកលវិទ្យាល័យ CUS សាខាខេត្តកំពង់ធំ និងសាខាខេត្តសៀមរាប ៥០០នាក់ នៅក្នុងសន្និសីទស្តីពី «ធនធានមនុស្ស និងធនធានហិរញ្ញវត្ថុ ក្នុងដំណើរការស្ថាប័ន» ដោយសង្កត់ធ្ងន់ថា ធនធានមនុស្ស និងធនធានហិរញ្ញវត្ថុ ដើរតួរនាទីចម្បងក្នុងការអភិវឌ្ឍសង្គម និងប្រទេសជាតិទាំងមូល។
បើតាមរបាយការណ៍ លោក ឃី វណ្ណេត នាយកសាខាខេត្តសៀមរាប និងលោក ណេន ចិន្តា នាយកសាខាខេត្តកំពង់ធំ បានឲ្យដឹងថា ក្នុងឆ្នាំសិក្សាថ្មីនេះ CUS ទទួលបានកំណើននិស្សិតថ្មីប្រមាណ ៣២ភាគរយ ដោយបច្ចុប្បន្ន និស្សិតកំពុងសិក្សាមាន ១៥,០០០នាក់ និងនិស្សិតដែលបានបញ្ចប់ការសិក្សា ជាង២៦,០០០នាក់ អាត្រាមានការងារធ្វើខ្ពស់ជាងនេះទៅទៀត គុណភាព និងវិន័យ ក្នុងការបណ្តុះបណ្តាលត្រូវបានលើកកម្ពស់ជារៀងរាល់ថ្ងៃ។
លោកបណ្ឌិត សឿ យ៉ាន បានថ្លែងថា មនុស្សគឺជាទ្រព្យ មានមនុស្សដែលមានសមត្ថភាព បុគ្គលិកលក្ខណៈសម្បត្តិខ្ពស់មានន័យថា មានទ្រព្យសកម្មដែលទ្រព្យនេះ នឹងក្លាយជាកម្លាំងចលករ ក្នុងការបង្កើនទ្រព្យដទៃទៀត ព្រមទាំងភាពរីកចម្រើនទាំងឡាយ។
ដោយផ្តោតលើការគ្រប់គ្រងធនធានមនុស្ស ធនធានហិរញ្ញវត្ថុ ក្នុងដំណើរការរបស់ក្រុមហ៊ុន ឬស្ថាប័នក្នុងគោលបំណងបង្កើនការយល់ដឹង ការគាំទ្រ ការចូលរួមយ៉ាងសកម្មពីសំណាក់យុវជន ស្វែងយល់ពីការវិវឌ្ឍថ្មីៗ នៃស្ថានភាពបច្ចេកទេស នៃការគ្រប់គ្រងធនធានមនុស្ស និងធនធានហិរញ្ញវត្ថុ ដើម្បីធ្វើឲ្យសម្រេចបាននូវគោលដៅ និងគោលបំណងរបស់ក្រុមហ៊ុន-ស្ថាប័ន។
លោកបណ្ឌិត កែវ ជា វិគ្មិនម្នាក់ បានឲ្យដឹងថា ហិរញ្ញវត្ថុគឺជាដើមទុន ការប្រើប្រាស់ហិរញ្ញវត្ថុបានល្អ ប្រៀបដូចការគ្រប់គ្រងឈាមក្នុងខ្លួន ដែលនឹងជួយឲ្យសុខភាពរបស់យើងបានល្អ យ៉ាងណាម៉ិញ លំហូរសាច់ប្រាក់បានរលូនមានប្រសិទ្ធភាព និងប្រសិទ្ធផលព្រមទាំងជួយឲ្យប្រតិ្តការរបស់ក្រុមហ៊ុន ឬស្ថាប័នបានដំណើរការដោយរលូន និងការគ្រប់គ្រងបានជោគជ័យខ្ពស់ ដោយផ្តោតលើការគ្រប់គ្រងថវិកាហិរញ្ញវត្ថុ ក្នុងដំណើរការរបស់ក្រុមហ៊ុន-ស្ថាប័ន ក្នុងគោលដៅបង្កើនការយល់ដឹងដល់និសិ្សត បញ្ញាវ័ន្ត អ្នកដឹកនាំគ្រប់គ្រងតាមក្រុមហ៊ុន-ស្ថាប័ន អំពីរបៀបស្វែងរកប្រភពចំណូល និងបែងចែកចំណាយផ្អែកទៅលើគម្រាងផែនការថវិកា-ហិរញ្ញវត្ថុ។
លោក ស្តើង សុខុម បានសង្កត់ធ្ងន់ថា រូបរាងកាយរបស់មនុស្ស ហាក់បីដូចជា សំបកកុំព្យូទ័រ (Hardware) រីឯសមត្ថភាពវិជ្ជាជីវៈបុគ្គលិកលក្ខណៈសម្បត្តិ ហាក់បីដូចជា កម្មវិធីកុំព្យូទ័រ (Software) ឬក៏ទូរស័ព្ទដំណើរការបានល្អ គឺវាអាស្រ័យលើការបញ្ចូលគ្នារវាង Hardware និង Software រួមបញ្ចូលគ្នា។
យ៉ាងណាមិញបុគ្គលិកម្នាក់ ក្រោយពីរូបសម្បត្តិល្អ ហើយក៏ចាំបាច់ត្រូវមានចំណេះដឹងជំនាញច្បាស់លាស់ តាមស្ថានភាពតម្រូវការរបស់ក្រុមហ៊ុន ឬស្ថាប័ន និងទៅតាមទីផ្សារកាងារបច្ចុប្បន្ន រីឯការគ្រប់គ្រងធនធានហិរញ្ញវត្ថុបានល្អ នឹងជួយឲ្យក្រុមហ៊ុនស្ថាប័នមានការអភិវឌ្ឍ និងរីកចម្រើន៕