(ព្រះសីហនុ)៖ ចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តព្រះសីហនុ ដឹកនាំដោយលោក ទៀ សុខា ប្រធានសាខាបានដឹកនាំសមាជិក សមាជិកាចុះទៅសួរសុខទុក្ខក្មេងប្រុសកំព្រាម្នាក់ ដែលជួបគ្រោះថ្នាក់ដោយប៉ះទង្គិចចំក្បាល ឈ្មោះ ថៃ ពិសិទ្ធ អាយុ ១១ឆ្នាំ មកពីភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងស្រ្តីម្នាក់ទៀតដែលជួបគ្រោះថា្នក់ពស់ចឹក ដែលមានឈ្មោះពេជ្រ ថាវី អាយុ៤១ឆ្នាំ មកពីឃុំរាមចូលសំរាកព្យាលបាលជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧។
ក្នុងនោះចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តព្រះសីហនុ បានឧបត្ថមថវិកាជូនក្មេងប្រុសដែលជួបគ្រោះថ្នាក់ ដោយប៉ះទង្គិចចំក្បាលចំនួន ១លានរៀលនិងស្រ្តីត្រូវពស់ចឹកចំនួន៤០ម៉ឺនរៀល ។
ជាមួយនិងការជូនអំណោយជាថវិការចលនាយុវជនកម្ពុជា ក្រុម១៥៧ ក៏បានបួងសួងសុំអោយអ្នកជំងឺអោយឆាប់ជាសះស្បើយពីជំងឺផងដែរ ។
បើតាមប្រសាសន៏លោក សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តបានអោយដឹងថា កុមារត្រូវរបួសកំពុងស្ថិតក្នុងការតាមដាននៅឡើយ ដោយផ្នែកខាងក្រោយ ក្បាលឡើងប៉ោង ហើយបើអាការះនេះមិនថមថយនោះទេ លោកនឹងបញ្ជូនទៅភ្នំពេញ ចំណែកឯស្ត្រីត្រូវពស់ចឹកក៏កំពុងស្ថិតក្នុងការតាមដានដូចគ្នា ប៉ុន្តែមិនមានសញ្ញាធ្ងន់ធ្ងរនោះទេ៕