(ភ្នំពេញ)៖ នៅវេលាម៉ោង៨៖០០ព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ រដ្ឋសភាបើកកិច្ចប្រជុំវិសាមញ្ញ ដើម្បីអនុម័តលើសេចក្តីស្នើច្បាប់ ស្តីពីគណបក្សនយោបាយ។ កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា។
យ៉ាងណាក៏ដោយ កាលពីម្សិលមិញនេះ ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយប្រកាសថា ខ្លួននឹងមិនចូលរួមកិច្ចប្រជុំនេះទេ។
សូមបញ្ជាក់ថា សំណើសុំធ្វើវិសោធនកម្មលើច្បាប់ ស្តីពីគណបក្សនយោបាយ ត្រូវបានរៀបចំដោយក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាចំនួន ៦០រូប ហើយបានចូលមកដល់រដ្ឋសភា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។ ការរៀបចំសំណើសុំធ្វើវិសោធនកម្មច្បាប់នេះ បានធ្វើបន្ទាប់ពីមានការលើកឡើង ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំសភាវិសាមញ្ញ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។
សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យកំណត់លក្ខខណ្ឌតឹងរឹងជាងមុន សម្រាប់ច្បាប់ស្តីពីគណបក្សនយោបាយ ក្នុងនោះច្បាប់ថ្មីនេះ នឹងមិនអនុញ្ញាតឲ្យអ្នកមានទោស ឬទណ្ឌិត ធ្វើជាប្រធាន ឬអនុប្រធានបក្សនយោបាយឡើយ ហើយបើទោសធ្ងន់ធ្ងរទៀតនោះ អាចឈានដល់ការរំលាយបក្ស និងហាមឃាត់ថ្នាក់ដឹកនាំបក្ស មិនឲ្យធ្វើសកម្មភាពនយោបាយថែមទៀត៕