ពលរដ្ឋខ្មែរបន្តរងគ្រោះដោយសារគ្រាប់បែកចង្កោមដែលអាមេរិកទម្លាក់នៅខេត្តរតនគិរី, រាជរដ្ឋាភិបាលកម្ពុជា ទាមទារឲ្យអាមរិកចេញមក ទទួលខុសត្រូវឲ្យខាងតែបាន
19-02-2017 19:33
(រតនគិរី)៖ នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ហេតុការណ៍ផ្ទុះគ្រប់បែកចង្កោមមួយដ៏កក្រើក ដែលអាមេរិកធ្លាប់បានទម្លាក់ កាលពីសម័យសង្គ្រាម វៀតណាម នៅភូមិចាអុងចាន់ ឃុំចាអុង ស្រុកអូតជុំ ខេត្តរតនគិរី បណ្ដាលឲ្យជនរងគ្រោះឈ្មោះ កា ស៊ុយនុ អាយុ៣២ឆ្នាំ ជនជាតិទំពួន រស់នៅភូមិ៣ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី បានបាក់ជើងឆ្វេងទាំងស្រុង។
ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើង ខណៈជនរងគ្រោះកំពុងចូកជម្រះស្មៅ ក្នុងចម្ការស្វាយចន្ទីរបស់ខ្លួន ដែលបានដាំរយៈពេល១៥ឆ្នាំមកហើយ។
ក្រោយដឹងហេតុការណ៍នេះភ្លាម លោកទេសរដ្ឋមន្ត្រី លី ធុជ អគ្គលេខាធិការអាជ្ញាធរមីនកម្ពុជា បានណែនាំទៅប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី ឲ្យចេញអន្តរាគមន៍ ជួយសម្រួលបញ្ជូនជនរងគ្រោះ មកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅរាជធានីភ្នំពេញ ព្រោះស្ថានភាពរបួសមិនអាចជួយ សង្គ្រោះនៅពេទ្យខេត្តបាន។
តាំងនាមឲ្យរាជរដ្ឋាភិបាកកម្ពុជា លោកទេសរដ្ឋមន្ត្រី លី ធុជ បានស្នើសុំឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ត្រូវយកចិត្តទុកដាក់ជួយសម្អាតគ្រាប់ និងសំណល់ជាតិផ្ទុះ ដែលខ្លួនបានទម្លាក់មកលើទឹកដីកម្ពុជា ឲ្យអស់នៅពេលឆាប់ៗនេះ ពីព្រោះវានៅតែគម្រាមគំហែង ចំពោះអាយុជីវិតប្រជាពលរដ្ឋខ្មែរជាបន្តបន្ទាប់៕