(ភ្នំពេញ)៖ នៅថ្ងៃស្អែកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ រដ្ឋសភានឹងបើកកិច្ចប្រជុំវិសាមញ្ញ ដើម្បីអនុម័តលើសេចក្តីស្នើច្បាប់ស្តីពីគណបក្សនយោបាយ ក្រោមអធិបតភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា, ដោយនៅរសៀលថ្ងៃទី១៩ ខែកុម្ភៈនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ប្រកាសមិនចូលរួមប្រជុំសភានៅថ្ងៃស្អែក។
សូមបញ្ជាក់ថា សំណើសុំធ្វើវិសោធនកម្មលើច្បាប់ ស្តីពីគណបក្សនយោបាយ ត្រូវបានរៀបចំដោយក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាចំនួន៦០រូប ហើយបានចូលមកដល់រដ្ឋសភា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។ ការរៀបចំសំណើសុំធ្វើវិសោធនកម្មច្បាប់នេះ បានធ្វើបន្ទាប់ពីមានការលើកឡើង ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំសភាវិសាមញ្ញ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។
សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យកំណត់លក្ខខណ្ឌតឹងរឹងជាងមុន សម្រាប់ច្បាប់ស្តីពីគណបក្សនយោបាយ ក្នុងនោះច្បាប់ថ្មីនេះ នឹងមិនអនុញ្ញាតឲ្យ អ្នកមានទោស ឬជាទណ្ឌិត ធ្វើជាប្រធាន ឬអនុប្រធានបក្សនយោបាយឡើយ ហើយបើទោសធ្ងន់ធ្ងរទៀតនោះ អាចឈានដល់ការរំលាយបក្ស និងហាមឃាត់ថ្នាក់ដឹកនាំបក្ស មិនឲ្យធ្វើសកម្មភាពនយោបាយថែមទៀត៕