(ភ្នំពេញ)៖ សង្វៀនបញ្ជល់មាន់ចល័តមួយកន្លែង ដែលតែងតែណាត់ប្រមូលផ្ដុំគ្នាលេង មានទាំងអ្នកចាញ់ និងអ្នកឈ្នះ ត្រូវ បានកម្លាំងនគរបាលប៉ុស្ដិ៍ស្វាយប៉ាក ខណ្ឌឫស្សីកែវ លបឆ្មក់ទៅឡោមព័ទ្ធបង្ក្រាប ដោយឃាត់ខ្លួនបានអ្នកញៀនល្បែង៤នាក់ ព្រមទាំងដកហូតបានមាន់៤ក្បាល និងម៉ូតូ១៣គ្រឿង។
តាមភ្នាក់ងារ Fresh News បានរាយការណ៍ថា ការបង្ក្រាបសង្វៀនបញ្ជល់មាន់ខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅក្នុងក្រុម ៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ បន្ទាប់ពីកម្លាំងនគរបាលខណ្ឌ បានស្រាវជ្រាវសហការ និងកម្លាំងនគរបាលប៉ុស្ដិ៍ ដោយកំណត់នូវទីតាំង ក្នុងភូមិសាស្ត្រទទួលខុសត្រូវ ដែលក្រុមអ្នកញៀនល្បែងទាំងនោះ តែងតែណាត់គ្នាលេងភ្នាល់ចល័ត ទើបអាចឈានទៅលបឆ្មក់ឡោមព័ទ្ធ បង្ក្រាប បានអ្នកញៀនល្បែង៤នាក់ ដកហូតបានមាន់៥ក្បាល និងងាប់អស់១ក្បាល ព្រមទាំងដកហូតបានម៉ូតូ១៣គ្រឿង ផងដែរ។
មន្ត្រីនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា អ្នកញៀនល្បែងទាំង៤នាក់ ដែលត្រូវឃាត់ខ្លួនទី១-ឈ្មោះ អ៊ុក កុសល អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ទី២-ឈ្មោះ តូច គង់ អាយុ៣៥ឆ្នាំ មុខរបរប៉ះកង់ ដែលជនសង្ស័យទាំង២នាក់ ស្នាក់នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ទី៣-ឈ្មោះ ហង្ស រស្មី អាយុ២៦ឆ្នាំ មុខរបរសន្តិសុខ ទី៤-ឈ្មោះ ប៊ុយ វាំងចាម អាយុ២៥ឆ្នាំ មុខរបរជាងឈើ ជនសង្ស័យទាំង២នាក់ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់ស្វាយប៉ាក និងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ក្រោយបង្ក្រាប ជនញៀនល្បែងទាំង៤នាក់ រួមជាមួយ និងវត្ថុតាងត្រូវបញ្ជូនមកសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕