(ថៃ)៖ ព្រះសង្ឃខ្មែរដែលមានព្រះជន្មចាប់ពី២១ ដល់២៧វស្សា បច្ចុប្បន្នកំពុងគង់នៅក្នុងទីអារាម ប្រទេសថៃ បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យព្រះសង្ឃខ្លះបែកព្រះកេស និងខ្លះទៀតបាក់ដៃ នៅពេលដែល តុតុ ដែលព្រះអង្គកំពុងជិះនោះ បានជ្រុលទៅបុកជញ្ជាំងបេតុងពេញមួយទំហឹង។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅខេត្តនគររាជសីមា ប្រទេសថៃ។ តាមសមត្ថកិច្ចខ្មែរនៅតាមព្រំដែន បានទទួលព័ត៌មានពីតម្រួតថៃ បានឲ្យដឹងថា មុនពេលកើតហេតុ ព្រះសង្ឃទាំង៥អង្គ បាននិមន្តតាមម៉ូតូកង់៣ (តុតុ) ក្នុងទិសដៅទៅកាន់មហាវិទ្យាល័យ មហាចុឡាឡុងកន ដែលស្ថិតនៅចំងាយពីទីតាំងកើតហេតុ ប្រមាណ៦គីឡូម៉ែត្រ។ លុះនៅពេលដែលម៉ូតូកង់៣ កំពុងតែបើកសុខៗ ដល់ត្រង់ចំណុចកើតហេតុ ដែលផ្លូវមានលក្ខណៈជាអក្សរតេ ស្រាប់តែម៉ូតូនោះទំនងជាមានបញ្ហា ធ្វើឲ្យម៉ូតូមិនអាចកាច់ចង្កូតបាន ក៏ត្រូវទៅមុខត្រង់ ដោយបានបុកទៅលើជញ្ជាំងបេតុងយ៉ាងពេញទំហឹង ព្រមទាំងបានរួញក្បាលម៉ូតូទាំងស្រុងផងដែរ។
ដោយឡែក អ្នកបើកបរ និងព្រះសង្ឃដែលកំពុងគង់នៅលើម៉ូតូនោះ បានហោះផ្លោងបោកព្រះកេស ទៅនឹងថ្នល់ផង និងទៅលើជញ្ជាំងបេតុងនោះផង បណ្តាលឲ្យរងរបួសពេញផ្លូវ។ ភ្លាមៗក្រោយពេលកើតហេតុ ខណៈដែលក្រុមតម្រួតថៃបានចុះមកត្រួតពិនិត្យ គេសង្គេតឃើញថា ក្នុងចំណោមព្រះសង្ឃទាំងអស់ មានព្រះសង្ឃចំនួន២ព្រះអង្គ ស្ថិតក្នុងសភាពធ្ងន់ធ្ងរ ដោយបែកព្រះកេស រីឯ១អង្គទៀត បានរងរបួសរហូតបាក់ដៃស្តាំម្ខាង។ ដោយឡែក អ្នកបើកបរម៉ូតូកង់៣ ក៏បានរងរបួសយ៉ាងដំណំដែរដោយគេបានសារភាពថា មិនដឹងយ៉ាងម៉េច បានជាម៉ូតូនេះលែងស្តាប់ ការបញ្ជារបស់គាត់ ទើបបណ្តាលឲ្យមានរឿងរ៉ាវបែបនេះ។
បច្ចុប្បន្នទាំងអ្នកបើកបរ ក៏ដូចជា ព្រះសង្ឃខ្មែរទាំងអស់ បានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យអស់ហើយ ដោយសមត្ថកិច្ថកំពុងសិក្សាទៅលើម៉ូតូកង់៣នេះថា តើបណ្តាលមកពីមូលហេតុអ្វី៕