(ត្បូងឃ្មុំ)៖ ឆ្លើយតបតាមការសន្យារបស់ខ្លួន កាលពីពេលកន្លងទៅនោះ លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមយុវជនគណបក្សប្រជាជនខេត្ត នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ រូមជាមួយសហការី ក្រុមការងារយុវជនគណបក្ស ប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ បានធ្វើបទបង្ហាញដល់ក្រុមប្រឹក្សាឃុំឈូក លោកគ្រូ អ្នកគ្រូ បឋមសិក្សា អនុវិទ្យាល័យ ក្នុងមូលដ្ឋាន ឃុំឈូក ស្រុកក្រូចឆ្មារ សរុបចំនួន៥០នាក់ ដែលមកទស្សនកិច្ច គម្រោងអភិវឌ្ឍន៍ទីប្រជុំជនទីរួមខេត្តត្បូងឃ្មុំ និងហេដ្ឋារចនាសម្ព័ន្ធ ទីតាំងរដ្ឋបាលថ្មី ទីរួមខេត្តត្បូងឃ្មុំ។
ជាមួយគា្ននោះដែរ ក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូ បានបន្ដដំណើរទៅទស្សនកិច្ចរមណីយដ្ឋានប្រវត្តិសាស្ត្រ ហ្លួង ព្រះស្ដេចកន ស្ថិតនៅក្នុងឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ពិសេសជាងនេះ បន្ទាប់ពីចប់ដំណើរទស្សនកិច្ច លោក ហាក់ សុខមករា បានរៀបចំអាហារថ្ងៃត្រង់ជូនដល់ ក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូ ពិសារអាហារសាមគ្គី និងជូនថវិកាមួយចំនួន ផងដែរ។
សូមបញ្ជាក់ថា ខេត្តត្បូងឃ្មុំ ជាខេត្តទី២៥ ដែលរាជរដ្ឋាភិបាលសម្រេចបង្កើតឡើង ដោយកាត់ចេញពីខេត្តកំពង់ចាម ហើយនៅពេលនេះ តំបន់រដ្ឋបាលខេត្តទាំងមូល បាននិងកំពុងកសាងឡើង លើផ្ទៃដីដ៏ធំ ហើយគ្រោងដាក់ឲ្យដំណើរការនាពេលខាងមុខ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា៕