(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា (CPP) ខណ្ឌដង្កោ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានប្រកាសបញ្ចូលសមាជិកថ្មី​របស់បក្សចំនួន២១៤នាក់ ដើម្បីបង្កើនសកម្មភាព កាន់តែខ្លាំងឡើង សម្រាប់ចុះជួយប្រជាពលរដ្ឋតាមមូលដ្ឋាន។

ប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌដង្កោ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ដង្កោ លោក នុត ពុធដារ៉ា បានចូលរួមជា​អធិបតី ក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជា ចំណុះឲ្យគណៈកម្មាធិការគណបក្សសង្កាត់ដង្កោ ចំនួន​២១៤នាក់ ក្នុងភូមិម័ល ភូមិសំបួរ និងភូមិខ្វា សង្កាត់ដង្កោ។

លោក នុត ពុធដារ៉ា បាន​លើកឡើង និងវាយតម្លៃខ្ពស់ ចំពោះសមាជិកគណបក្ស ដែលទើបបញ្ចូលថ្មីទាំងអស់ គឺការជ្រើសរើស​ធ្វើឡើង ដ៏ត្រឹមត្រូវក្នុងការចូលរួម ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

លោកថា «គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានភាពចាស់ទុំខាងនយោបាយ បានរំដោះប្រទេស​ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានអភិវឌ្ឍន៍ប្រទេសឲ្យរីកចម្រើន ឥតឈប់ឈរលើគ្រប់វិស័យ​ពីមួយ​ថ្ងៃទៅមួយថ្ងៃ មានសុខសន្តិភាពពេញលេញ មានស្ថេរភាពនយោបាយ និងធ្វើឲ្យជីវភាពប្រជាពលរដ្ឋមានភាពធូរធារ ក្រោមការដឹកនាំ​របស់សម្តេច​តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃ​កម្ពុជា»។  

ជាមួយគ្នានោះ លោកសូមឲ្យបងប្អូនសមាជិក សមាជិកាថ្មីទាំងអស់ គោរពឲ្យបានម៉ឺងម៉ាត់ បាននូវលក្ខន្តិកៈគណបក្ស និងមាន​ទំនាក់ទំនងល្អជាមួយគ្នា មានសមគ្គីភាពផ្ទៃក្នុងល្អ ធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ និងរួមគ្នាបោះឆ្នោតជូន​គណបក្សប្រ​ជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើស​តាំងតំណាងរាស្ត្រ នាពេលខាងមុខ។

លោកសង្កត់ធ្ងន់ថា ដើម្បីគណបក្សមានលទ្ធភាពក្នុងការបន្តកសាង អភិវឌ្ឍន៍ប្រទេសជាតិ ព្រមទាំងជួយណែនាំ ដល់សមាជិក​គ្រួសារ បងប្អូន មិត្តភ័ក្ត្រ ឲ្យបានយល់អំពីគុណសម្បត្តិ របស់គណបក្សប្រជាជន ជៀសវាងការចាញ់ឧបាយកលបោកប្រាស់ ប្រជាភិថុត របស់គណបក្សប្រឆាំង៕