(សៀមរាប)៖ លោក ហ្សង់ហ្វ្រង់-ស័រ តាន់ អគ្គនាយកវិទ្យុបារាំងអន្តរជាតិ-RFI និងជាអ្នកសារព័ត៌មានចាស់វស្សាដ៏ល្បីល្បាញមួយរូប បានបង្ហាញអារម្មណ៍ថា លោកបានស្រក់ទឹកភ្នែកពីរតំណក់ ដោយមិនដឹងខ្លួន នៅពេលទស្សនាខ្សែភាពយន្ត «ដំបូងពួកខ្មែរក្រហមសម្លាប់ឪពុករបស់ខ្ញុំ» ដែលបានចាក់បញ្ចាំងជាផ្លូវកាលពីយប់មិញ នៅទីលានជល់ដំរី ខេត្តសៀមរាប។
លោក ហ្សង់ហ្វ្រង់-ស័រ តាន់ បានបញ្ជាក់ឲ្យដឹងថា ទឹកភ្នែកពីរតំណក់ស្រក់មកឯងៗ ដោយសារតែសាច់រឿងនៃភាពយន្តមួយនេះបានឆ្លុះបញ្ចាំង ពីជីវិតដ៏កំសត់របស់កុមារីម្នាក់ នៅសម័យខ្មែរក្រហម អ្វីដែលសំខាន់នោះលោកបានបញ្ជាក់ថា ខ្សែជីវិតដ៏កំសត់របស់លោក គឺដូចជាទៅហ្នឹង ជីវិតរបស់កុមារីម្នាក់នោះ ទើបធ្វើឲ្យលោកទប់ទឹកភ្នែកមិនបាន។
សារដ៏ខ្លីមួយបានបង្ហោះឲ្យដឹងនៅលើ Facebook ផ្លូវការរបស់លោក ហ្សង់ហ្វ្រង់-ស័រ តាន់ បានបញ្ជាក់ថា៖ «សៀមរាបយប់មិញ...«ដើមដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ពីព្រោះភាពយន្តហ្នឹង និយាយពីសម័យខ្មែរក្រហម...ពីព្រោះវារៀបរាប់ពីជីវិត របស់កុមារីម្នាក់...ពីព្រោះកាលសម័យហ្នុងខ្ញុំនៅក្នុងកងកុមារ លត់ដំដែរ...ពីព្រោះទុក្ខវេទនារបស់កុមារីនោះ ស្រដៀងគ្នានឹងទុក្ខវេទនា របស់ខ្ញុំ...ទើបខ្ញុំទប់អារម្មណ៍មិនបាន ទឹកភ្នែកពីរតំណក់ ស្រក់មកឯង...៤០ឆ្នាំកន្លងបាត់ទៅហើយ ចេះអ៉ីចឹងទៅកើត...»។
គួរបញ្ជាក់ថា ថ្លែងសុន្ទរកថាដ៏ខ្លីមួយ លោកស្រី Angelina Jolie ជាតារាហូលីវូតដ៏ល្បីល្បាញ និងជាអ្នកដឹកនាំរឿងខាងលើនេះបានបញ្ជាក់ថា ខ្សែភាពយន្ដ មានចំណងជើងថា «ដំបូងពួកខ្មែរក្រហមសម្លាប់ឪពុករបស់ខ្ញុំ» មិនមែនផ្ដោតសំខាន់ទៅ លើភាពភ័យខ្លាចនៃសង្រ្គាមនោះទេ ក៏ប៉ុន្តែគឺដើម្បីបង្ហាញពីភាពអត់ធ្មត់ សម្បុរសធម៌ និងទេពកោសល្យរបស់ប្រជាជនខ្មែរ៕