(ភ្នំពេញ)៖ ក្នុងឆ្នាំ២០១៦ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានសម្រេចនូវសមិទ្ធផលយ៉ាងច្រើន ដើម្បីអភិវឌ្ឍន៍វិស័យធុរកិច្ច និងវិនិយោគរបស់កម្ពុជា នេះបើយោងតាមការលើកឡើងរបស់លោកឧកញ៉ា សុខ ពិសិដ្ឋ ប្រធានសមាគមសហគ្រិន​វ័យក្មេងកម្ពុជា ក្នុងមហាសន្និបាតប្រចាំឆ្នាំ របស់សមាគម ដែលប្រព្រឹត្តិ​ឡើងនារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧។

ការប្រារព្ធពិធីមហាសន្និបាតប្រចាំឆ្នាំ របស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា ត្រូវបានរៀបចំឡើង ក្នុងគោលបំណង ដើម្បីធ្វើការរាយការណ៍ ពីសកម្មភាពនានាដែលសមាគម បានទទួលជោគជ័យនាពេលកន្លងទៅ និងគម្រោងផ្សេងៗ ដែលនឹងធ្វើនាពេលអនាគតទៅកាន់ សមាជិក សមាជិកា របស់សមាគមទាំងនៅរាជធានីភ្នំពេញ ​និង​ខេត្តសៀមរាប។

បន្ថែមពីកម្មវិធីនេះ ក៏ជាការផ្ដល់នូវមតិយោលបល់ លើទិសដៅការងារសំរាប់ឆ្នាំ២០១៧ របស់សមាគម ទៅកាន់សមាជិកទាំងអស់ ហើយក៏ជាកម្មវិធី​ដើម្បីបង្កើតទំនាកទំនង ក្នុងចំណោមសមាជិកឲ្យកាន់តែ មានភាពល្អប្រសើរឡើងថែមទៀត។

លោក សុខ ពិសិដ្ឋ បានឲ្យដឹងថា តាមរយៈលទ្ធផល នៃមហាសន្និបាតប្រចាំឆ្នាំ របស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា នៅឆ្នាំ២០១៦បានសម្រេចនៅសមិទ្ធផល យ៉ាង​ច្រើនរួមមាន ៖

* ការសហការណ៍ជាមួយ Mekong Business Initiative (MBI) ជាគម្រោងរបស់ធនាគារ អភិវឌ្ឍអាស៊ី (ADB) ដែលមានការបង្កើត  Business Information Center  ការធ្វើការស្រាវជ្រាវ ការអនុវត្តនៃការ ចុះបញ្ជីអាជីវកម្ម និងប័ណ្ណប៉ាតង់ ការធ្វើMapping of Cambodia Startup Ecosystem in Cambodia។
* បានធ្វើសិក្ខាសាលាស្ដីអំពី សារៈសំខាន់នៃរបាយការណ៍ហិរញ្ញវត្ថុសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម នៅក្នុងខេត្តសៀមរាប និងរាជធានីភ្នំពេញ ដែលមានអ្នកចូលរួម​ដែលជាសហគ្រិនចំនួន៣៥០នាក់ ក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹងបន្ថែម អំពីសារៈសំខាន់នៃរបាយការណ៍ហរិញ្ញវត្ថុ។
* បានធ្វើការជួបជុំសមាជិកប្រចាំខែ ដែលហៅថា «CEO-Lunch» ដើម្បីចែករំលែកបទពិសោធន៍អាជីវកម្ម លើប្រធាន យុទ្ធសាស្រ្ដអាជីវកម្ម ការគ្រប់គ្រង បរិញ្ញវត្ថុ ​ធនធានមនុស្ស និងប្រតិបត្តិការអាជីវកម្ម ចំនួន១២ដងដែលមានអ្នកចូលរួមសរុប៤៨០នាក់។
* ការរៀបចំ ទិវាសប្ដាហ៍សហគ្រិនពិភពលោក ក្រោមប្រធានបទ៖ «ការពង្រឹងប្រព័ន្ធអេកូឡូស៊ីនៃសហគ្រិនភាព ដើម្បីការរីកចម្រើនដ៏រឹងមាំង» ដែលមានអ្នកចូលរួម​​ចំនួន៤៣០នាក់។
* បានសហការជាមួយនាយកដ្ឋានពន្ធដារ ដោយបានបញ្ចូលក្រុមហ៊ុនដែលជាសមាជិករបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជាចំនួន១៣ក្រុមហ៊ុន ធ្វើសវនកម្មពន្ធដារ។
* បានរៀបចំសហការជាមួយMBI ក្នុងការរៀបចំផែនការយុត្តិសាស្រ្ដនៃសមាកមនសហគ្រិនវ័យក្មេងអាស៊ាន សម្រាប់ឆ្នាំ២០២១។
* បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា រៀបចំសិក្ខាសាលាស្ដីពីយុវជន និងសហគ្រិន។
* និងបានចូលរួមចំណែកពាំនាំនូវទុក្ខកង្វល់ របស់សហគ្រាខ្នាតតូច និងមធ្យម ទៅដល់ថ្នាកដឹកនាំរបស់រាជរដ្ឋាភិបាល ដើម្បីជួយសម្រួលដល់ការប្រកបរបរអាជីវកម្ម របស់វិស័យឯកជនផងដែរ។

សូមបញ្ជាក់ថាសមាគមសហគ្រិនវ័យក្មេងកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩ ដើម្បីតាមដានត្រួតពិនិត្យ និងចូលរួមកសាងគោលនយោលបាយអាជីវកម្មល្អមួយ សម្រាប់សហគ្រិនវ័យក្មេងកម្ពុជាគ្រប់រូបក៏ដូចជាចែករំលែកចំណេះដឹងអាជីវកម្ម លើកម្ពស់ស្មារតីភាព កិច្ចសហប្រតិបត្តិការ និងអត្ថប្រយោជន៍ទៅវិញទៅមកដើម្បី​ជំរុញ​ ឲ្យមានទំនាក់ទំនងពាណិជ្ជកម្ម និងសង្គមឲ្យបានល្អជាមួយដៃគូ វិនិយោគក្នុងសហគមទាំងមូល៕